ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា រៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ឆ្នាំ២០២៤

Posted By: RoogRog Robot | 18-Sep-2024 16:20:39

2024-09-18 04:17pm

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (Cambodian Association of Finance and Technology) បានរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ <<បច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព>> ដើម្បីចែករំលែកចំណេះដឹង នៃអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាក្នុងតំបន់។

វេទិកានេះប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ និងរៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា <<ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា រៀបចំវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាស ដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់>>។

លោកស្រីបណ្ឌិតបន្ដថា CamTech Summit ជាកម្មវិធីមួយដែលផ្តល់ឱកាសពិសេស ក្នុងការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និយ័តករ អាជីវកម្ម និងអ្នកដឹកនាំបច្ចេកវិទ្យានៅទូទាំងវិស័យផ្សេងៗ ជាបម្រើជាវេទិកាមួយ ចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរករួមគ្នានូវឱកាស និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា Fintech និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

លោកស្រីបណ្ឌិតបញ្ជាក់ថា លើសពីនេះយើងមានបំណងផ្តល់ជូនអ្នកបង្កើតគោលនយោបាយ នូវចំណេះដឹងដែលពួកគេត្រូវការ ដើម្បីបង្កើតបទប្បញ្ញត្តិ ដែលអាចសម្របខ្លួន ទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

សូមជម្រាបថា ក្នុងព្រឹតិ្តការណ៍នេះ ក៏មានកម្មវិធីពិព័រណ៍សិក្ខាសាលា និងកិច្ចពិភាក្សា ដែលមានការចូលរួមចែករំលែក ពីវាគ្មិនជំនាញៗ ដោយផ្ដោតសំខាន់ទៅលើការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាថ្មីៗរួមមាន បញ្ញាសិប្បនិម្មិត និងប្លុកឆេន ក៏ដូចជាតួនាទីនៃគម្រោងថ្នាលច្រករបៀង តម្លាភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...