លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គឺជាស្ត្រីមួយរូបមានសមត្ថភាពដឹកនាំកំពូល និងជានិមិត្តរូបរបស់ស្ត្រីខ្មែរជំនាន់ក្រោយ

Posted By: RoogRog Robot | 09-Aug-2024 18:00:38

2024-08-09 04:55pm

(ភ្នំពេញ)៖ នៅក្នុងឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាឲ្យថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម បានចូលជួបសម្ដែងការគួរសម និងជួបសំណេះសំណាលការងារ នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ រួចមក, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានមានប្រកាសកោតសរសើរ និងស្ញប់ស្ញែងចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ដែលជាស្ត្រីមួយរូបមានសមត្ថភាពដឹកនាំកំពូល និងត្រូវបានចាត់ទុកជានិមិត្តរូបរបស់ស្ត្រីខ្មែរជំនាន់ក្រោយយកជាគំរូតាម។ ការគោរពសិទ្ធិ លើកកម្ពស់ និងផ្តល់តម្លៃស្ត្រី គឺជាគោលការណ៍ចម្បងមួយរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិចាស់ និងបន្តមកដល់អាណត្តិថ្មី អាណត្តិទី៧នេះ ដូច្នេះស្ត្រីដែលពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំង ស៊ីជម្រៅ ទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម ដូចជាសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី គឺជាធនធានមនុស្សដ៏កម្របំផុត។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងកត់សម្គាល់ថា ឆ្លងកាត់ការស្វែងយល់ពីប្រវត្តិការងារខ្លីៗ របស់សម្តេចនាពេលកន្លងមក លោកជំទាវអ្នកឧកញ៉ាពិតជាមានមោទនភាព និងកោតស្ងប់ស្វែងយ៉ាងក្រៃលែង ក្នុងនាមជាស្ត្រីដែលអាចវិវត្តខ្លួនយ៉ាងអស្ចារ្យ ពីស្ត្រីខ្មែររស់នៅជនបទម្នាក់ មកក្លាយជាស្ត្រីខ្មែរដ៏មាន ឥទ្ធិពលបំផុតនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចបានវិវត្តខ្លួនតាំងពីអគ្គនិពន្ធនាយកសារព័ត៌មានប្រជាជន មកជាប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានៃរដ្ឋសភា មកជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកណ្តាល ក្រោយមកក្លាយជាអនុប្រធានទីពីរ នៃរដ្ឋសភាចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៤ និងម្តងទៀតពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។

ជាក់ស្តែងនៅអាណត្តិនេះ តាមរយៈការកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិបញ្ញត្តិ សម្តេចក៏ត្រូវបានសភាបោះឆ្នោត ផ្តល់ទំនុកចិត្តក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្ត្រីដំបូង ក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិបញ្ញត្តិមួយនេះ។ ជាមួយគ្នានោះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជូនលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា ជា <<សម្តេចមហារដ្ឋសភាធិការធិបតី>> នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសមិទ្ធផល និងស្នាដៃ ដែលកើតចេញពីការខិតខំប្រឹងប្រែង ដើម្បីជាឧត្តមប្រយោជន៍ជាតិអស់រយៈពេលជា ច្រើនឆ្នាំកន្លងមកនេះ បានរំលេចឱ្យឃើញពីគំរូវីរភាពដ៏អស្ចារ្យពិសេស ក្នុងនាមជាស្ត្រីដ៏មានឥទ្ធិពលមួយរូបទាំងនៅលើឆាកជាតិ និងអន្តរជាតិ ដែលរូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ ក៏ដូចជាស្ត្រីកម្ពុជាទាំងអស់គួររៀនសូត្រ និងយកគំរូតាមមាគ៌ាដ៏បវរថ្លៃថ្លានេះ។

នៅក្នុងជំនួបដ៏មានអត្ថន័យនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមាន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងសម្តែងនូវការអបអរសាទរចំពោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសមាគម នៅក្នុងអាណត្តិទី៦នេះ។ សម្តេចបានថ្លែងអំណរគុណដល់ស្ថាបនិក ថ្នាក់ដឹកនាំ សិល្បករសិល្បការី ទំាងអស់ ដែលបានបង្កើត និងដឹកនាំសមាគមសិល្បករខ្មែរ នៅក្នុងបុព្វហេតុមនុស្សធម៌ និងការចូលរួមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ សិល្បៈ ដែលជាដួងព្រលឹងរបស់ជាតិ ដូចសុភាសិតខ្មែរពោលថា <<វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន>>។

សម្ដេចប្រធានរដ្ឋសភា បានកោតសរសើរពីការដឹកនាំរបស់សមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី៦ ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដែលបានរៀបចំឱ្យមាននូវរចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងាររបស់សមាគមស្របតាមទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន។ សម្ដេចក៏បានលើកទឹកចិត្តដល់អ្នកឧកញ៉ាប្រធានសមាគម ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដឹកនាំសមាគមសិល្បករខ្មែរ ដើម្បីបន្តសកម្មភាពលើកស្ទួយវិស័យសិល្បៈវប្បធម៌ ក៏ដូចជាចូលរួមក្នុងការងារទេសចរណ៍ ជាពិសេសការចូលរួមលើកកម្ពស់សីលធម៌សង្គមស្របតាមអនុសាសន៍ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបានកត់សម្គាល់ឃើញថា សមាគមសិល្បករខ្មែរមានសកម្មភាពមមញឹកយ៉ាងខ្លាំង ជាពិសេសសម្ដេចពិតជាមានការកោតសរសើរ ដែលសមាគមបានប្រមូលកៀរគរធនធានមនុស្សសុទ្ធសឹងតែមានសមត្ថភាព និងមានភាពសកម្មភាព។ សម្ដេចជឿជាក់ថា សមាគមសិល្បករខ្មែរ នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងទទួលបានជោគជ័យក្រោមស្មារតីនៃការរួមសាមគ្គីគ្នា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានធ្វើសកម្មភាពមនុស្សធម៌ និងការជួយសង្គម ដូចជា កុមារ ស្ត្រី ចាស់ជរា ជនពិការ ក៏ដូចជាការចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់សិល្បករសិល្បការិនី ចាស់ជរា និងមានជំងឺ ដែលសកម្មភាពនេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា មិនត្រឹមជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែជាការលើកកម្ពស់ថែរក្សានូវមរតកមនុស្សរស់ ដែលជាធនធានដ៏មានតម្លៃ ពោរពេញដោយបទពិសោធន៍របស់សង្គមជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមបន្តយកចិត្តទុកដាក់ គាស់កកាយនូវសិល្បៈខ្មែរ ដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើងបន្ថែមទៀត៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...