កងកម្លាំងចម្រុះជាងមួយពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

Posted By: RoogRog Robot | 20-Jul-2024 03:18:51

2024-07-20 10:12am

(ពោធិ៍សាត់)៖ ដោយមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តសុ្រកវាលវែង ខេត្តពោធិ៍សាត់។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការរុករក បន្តព្យាយាមរុករកនៅតំបន់សង្ស័យ ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្ររួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្សក្នុងឧទ្ធម្ភាគចក្រ ឱ្យនៅមានជីវិត ជួបជុំជាមួយគ្រួសារពួកគាត់វិញ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...