ថៃជិតក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា

Posted By: RoogRog Robot | 18-Jun-2024 18:38:21

2024-06-18 05:34pm

(បាងកក)៖ នៅថ្ងៃអង្គារនេះ ព្រឹទ្ធសភានៃប្រទេសថៃ បានបោះឆ្នោតអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលនឹងផ្តល់ភាពស្របច្បាប់ ដល់ការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីវាត្រូវបានអនុម័តដោយរដ្ឋសភាថៃ កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីព្រាងច្បាប់ខាងលើ ទទួលបានការគាំទ្រយ៉ាងលើសលប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភាថៃ ហើយនឹងត្រូវបញ្ជូនបន្តទៅកាន់​ព្រះរាជវាំងថៃ ដើម្បីឱ្យព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា។ រដ្ឋសភាថៃ បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីខែមីនា។ វានឹងចូលជាធរមាន នៅរយៈពេល១២០ថ្ងៃ ក្រោយការឡាយព្រះហត្ថលេខាយល់ព្រមពីមហាក្សត្រថៃ ហើយការចុះផ្សាយនៅលើព្រឹត្តិប័ត្ររាជវាំងថៃ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែង រយៈពេលប្រមាណជាង១ទសវត្សរ៍ របស់ក្រុមសកម្មជនក៏ដូចជា​អ្នកនយោបាយថៃ បន្ទាប់ពីសេចក្តីព្រាងច្បាប់ពីមុនៗមក សុទ្ធតែមិនបានទៅដល់សភានោះឡើយ។ នៅពេលវាចូលជាធរមាន ប្រទេសថៃនឹងដើរតាមជំហានរបស់កោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ក្នុងការក្លាយជាកន្លែងទី៣នៅអាស៉ី និងជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលផ្តល់​ភាពស្របច្បាប់ ចំពោះការរៀបអាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរវាងបុគ្គលនៃសហគមន៍ LGBT៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...