ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន ជាខ្មាំងផ្ទៃក្នុង ដែលដាច់ខាតត្រូវរួមគ្នាកម្ទេច និងកម្ចាត់ចេញពីសង្គម

Posted By: RoogRog Robot | 18-Jun-2024 17:38:21

2024-06-18 05:36pm

(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុងរបស់យើង ដែលដាច់ខាតត្រូវរួមគ្នាកម្ទេច និងកម្ចាត់ចេញពីសង្គមជាតិ។

ការលើកឡើងបែបនេះរបស់ លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់បងប្អូនកងប្រដាប់អាវុធ និងក្រុមគ្រួសារផងដែរ។ លោកថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងប្រដាប់អាវុធរបស់យើង និងគ្រួសារ ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងារ ដល់កងទ័ពមិនដែលអាក់ខានឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា៖ <<កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុង របស់យើង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេច និងកម្ចាត់ខ្មាំងមួយនេះ ចេញពីសង្គមជាតិយើង។ ក្នុងនាមជាកងកម្លាំងម្នាក់ ត្រូវមានស្មារតីការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ជាប់ជានិច្ច>>។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏សូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ៕



































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...