កូនឈើប្រណីត៩,៩៩៩ដើម នឹងត្រូវដាំក្នុងពិធី «រុក្ខទិវា» លើផ្ទៃដី៣០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ខេត្តតាកែវ

Posted By: RoogRog Robot | 18-Jun-2024 17:09:05

2024-06-18 05:03pm

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងពិធី <<រុក្ខទិវា>> ០៩ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងដាំដើមឈើប្រណីតចំនួន ៩,៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ខេត្តតាកែវ។

ការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្មបានធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី <<រុក្ខទិវា>> ៩កក្កដា ដែលនឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នាឱកាសនោះដែរ លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<ពិធី រុក្ខទិវា ០៩ កក្កដា ឆ្នាំនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណីត ដែលមានចំនួនសរុបទាំងអស់ ៩,៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា>>។

ខេត្តតាកែវ ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ០៩ កក្កដា ថ្នាក់ជាតិ ចំនួន៣លើករួចមកហើយ ក្នុងនោះរួមមាន៖ លើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, លើកទី២ ក្នុងឆ្នាំ២០០៨ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ និងលើកទី៣ ក្នុងឆ្នាំ២០១៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។

បុណ្យ <<រុក្ខទិវា>> ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...