អ៉ីតាលីប្រកាសផ្តល់ជំនួយ ៣៥លានអឺរ៉ូបន្ថែម សម្រាប់ប្រជាជនប៉ាឡេស្ទីន

Posted By: RoogRog Robot | 25-May-2024 16:58:01

2024-05-25 04:53pm

(រ៉ូម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក Antonio Tajani បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៉ីតាលីនឹងបន្តផ្តល់មូលនិធិឡើងវិញទៅកាន់ ទីភ្នាក់ងារជួយជនជាតិប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ គឺ UNRWA ក្រោមក្របខណ្ឌនៃកញ្ចប់ជំនួយថ្មីទំហំ៣៥លានអឺរ៉ូ ឬស្មើនឹង៣៨លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤។

លោក Tajani បានប្រកាសដំណឹងខាងលើ អំឡុងជំនួបនៅទីក្រុងរ៉ូម ជាមួយនាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammad Mustafa ហើយលោករដ្ឋមន្រ្តីអ៉ីតាលី បានបន្ថែមថា ថវិកា៥លានអឺរ៉ូក្នុងចំណោមនោះ គឺសម្រាប់គម្រោងផ្សេងៗរបស់ UNRWA ហើយសល់ប៉ុន្មាន គឺសម្រាប់កម្មវិធីផ្តួចផ្តើម Food for Gaza របស់ទីភ្នាក់ងារនេះ។ អ៉ីតាលី ស្ថិតក្នុងចំណោមប្រទេសច្រើនគួរសម ដែលបានសម្រេចចិត្តផ្អាក ការផ្តល់ជំនួយទៅកាន់ UNRWA ក្រោយមានការចោទប្រកាន់ពីអ៉ីស្រាអែលថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ មានជាប់ពាក់ព័ន្ធក្នុង​ព្រឹត្តិការណ៍វាយប្រហារ ៧ តុលា របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានបង្កឱ្យផ្ទុះសង្រ្គាមដ៏បង្ហូរឈាមបច្ចុប្បន្ន នៅតំបន់ Gaza Strip។

គួរបញ្ជាក់ថា ទីភ្នាក់ងារ UNRWA ជួលមនុស្សធ្វើការសរុប១៣,០០០នាក់ នៅតំបន់ Gaza ដោយធ្វើប្រតិបត្តិការសាលារៀន គ្លីនិក និង​សេវាសង្គមផ្សេងទៀត ក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ព្រមទាំងចែកចាយជំនួយមនុស្សធម៌។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសជាបន្តបន្ទាប់ បាននាំគ្នាចាប់ផ្តើមផ្តល់មូលនិធិឡើងវិញ ដល់ទីភ្នាក់ងារ UNRWA៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...