លោក ស៊ុន ចាន់ថុល បន្តការពារកិត្តិនាម និងបង្ហាញគុណប្រយោជន៍​ព្រែកជីកហ្វូណនតេជោ លើទំព័រសារព័ត៌មាន Nikkei របស់ជប៉ុន

Posted By: RoogRog Robot | 25-May-2024 16:05:37

2024-05-25 04:00pm

(ភ្នំពេញ)៖ កន្លងទៅសារព័ត៌មាន Nikkei ដ៏ល្បីរបស់ជប៉ុនមួយនេះ ធ្លាប់បាន​ផ្សាយ​ការ​ប្រតិកម្មមួយចំនួនពីភាគីវៀតណាម និងលោក សម រង្ស៉ី ពាក់ព័ន្ធនឹងគម្រោង​ព្រែក​ជីកហ្វូនណនរបស់កម្ពុជា។ ប៉ុន្តែរយៈប្រមាណជាពីរថ្ងៃមកនេះ សារព័ត៌មានរបស់ជប៉ុន​មួយនេះ ក៏បានផ្សាយត្រឡប់ទៅវិញជាបន្តបន្ទាប់អំពីគុណប្រយោជន៍ និងព័ត៌មានបែប​វិជ្ជមានពាក់ព័ន្ធនឹងគម្រោងព្រែកជីកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ប្រឹងប្រែងជាខ្លាំងក្នុងកិច្ចការពារកិត្តិនាមគម្រោងព្រែកជីកហ្វូណនតេជោលើឆាក​អន្តរជាតិ។ ការពារភាពវិជ្ជមាននៃគម្រោងព្រែកជីកនេះ លោក ស៊ុន ចាន់ថុល បានផ្តល់​បទ​សម្ភាសន៍ជាបន្តបន្ទាប់ជាមួយបណ្តាញព័ត៌មានអន្តរជាតិ។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកម្រិតអន្តរជាតិស្តីពី <<អនាគតរបស់អាស៊ី>> ដែលរៀប​ចំឡើងដោយក្រុមហ៊ុន Nikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានថ្ងៃ​នេះ លោក ស៊ុន ចាន់ថុល ក៏បានឆ្លៀតប្រើវេទិកានេះ ផ្សព្វផ្សាយ និងការពារកិត្តិនាម​ព្រែកជីកហ្វូណនតេជោផងដែរ។ សម្តីដែលជាកិច្ចការពាររបស់លោក ស៊ុន ចាន់ថុល ក៏ត្រូវបានយកទៅផ្សព្វផ្សាយបន្តដោយសារព័ត៌មាន Nikkei ជាបន្តបន្ទាប់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះលោក ស៊ុន ចាន់ថុល ក៏បានសរសេរអត្ថបទស្តីពីគម្រោងព្រែកជីក​ហ្វូណតេជោ យកទៅផ្សព្វផ្សាយលើទំព័រសារព័ត៌មានរបស់ Nikkei។ ការសាង​សង់​ព្រែក​ជីកហ្វូណនតេជោ ជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ព្រោះស្ថិតនៅលើដីកម្ពុជា ក៏ប៉ុន្តែព្រែកជីកនេះសង់ឡើងក្នុងបំណងធ្វើពាណិជ្ជកម្មអន្តរជាតិ ដូច្នេះកិច្ចការពារពី​កិត្តិនាម និងគុណតម្លៃរបស់ព្រែកជីក គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត។

ក្នុងអត្ថបទដែលបានរៀបចំយកទៅចុះផ្សាយលើទំព័រសារព័ត៌មាន Nikkei កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចចំណងជើងថា <<គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជានឹងនាំមកនូវ​ភាពរីកចម្រើនរុងរឿង>>។ លោកបានរំលេចំណងជើងមួយតូចទៀតថា <<ផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ>>។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងបកប្រែពីភាសាអង់គ្លេស ដែលផ្សាយលើទំព័រសារព័ត៌មាន Nikkei៖

លាតសន្ធឹងចម្ងាយ ១៨០គីឡូម៉ែត្រពីបេះដូងនៃរាជធានីភ្នំពេញ ទៅកាន់ឆ្នេរសមុទ្រ​ដ៏ស្ងប់​ស្ងាត់នៃខេត្តកែប នៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណន​តេជោ ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៣។ គម្រោងនេះនឹងធ្វើទំនើបកម្មផ្លូវ​ទឹក​បុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការស្តារឡើងវិញនូវផ្លូវទឹកដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណកាលពីជាង ២,០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ ៥.៤ម៉ែត្រ អាច​ឱ្យនាវារហូតដល់ ៣,០០០តោនឆ្លងកាត់បាន។ ការស្តារនេះនឹងមានការសាងសង់​ទ្វារ​ទឹកចំនួន៣ និងស្ពានចំនួន ១១ផងដែរ។

អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយ​បាន​ពិនិត្យយ៉ាងល្អិតល្អន់ត្រឹមត្រូវលើគម្រោងប្រព័ន្ធគ្រប់គ្រង​ទឹកដែលបានស្នើ​ឡើង​នេះ​។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍​មូល​ដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបាន​គិតគូរ​ជា​មួយ​ការទទួលខុសត្រូវខ្ពស់បំផុត។

គម្រោងផ្លូវទឹកប្រកបដោយមហិច្ឆតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋាន ការ​ប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាពក្នុងតំបន់។

តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះ​នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់​ផែ​បរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់​កម្ពុជា​នៅលើទីផ្សារពិភពលោក និងតំបន់។

លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះ ត្រូវបាន​រំពឹងថា នឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើត​ឱកាស​ការងារជាច្រើន និងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ តំបន់​ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹកនឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរ​ជាតិ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះក៏នឹងជំរុញ​វិស័យ​ទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្តល់​ប្រព័ន្ធធារា​សាស្រ្តសម្បូរបែប ដែលនឹងហុចផលដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ។

សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់​តែ​ច្រើន​ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ពីការដឹក​ជញ្ជូន​ដែលមានភាពអំណោយផលជាងមុន។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាពក្នុងការទទួល​បាន​ការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀង និងទឹក ការផ្តល់សេវា​ដឹកជញ្ជូន និងភស្តុភារកម្មដែលមានភាពប្រសើរឡើងសម្រាប់ផលិតផលកសិកម្ម កាត់​បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើន​ផ្សេង​ទៀតសម្រាប់ប្រជាជននៅក្នុងតំបន់។

នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួល​ការយក​ចិត្ត​ទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយ​មាន​ការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ជាការងារចំពោះមុខនៃកិច្ចខិតខំប្រឹង​ប្រែងរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះគឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជា​កិច្ច​ខិតខំប្រឹងប្រែងរួមគ្នាដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។

ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន ៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌ​ធម្មជាតិនៃ​ទន្លេ​មេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយ​ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ​នៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សា​របស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការ និងការ​ទទួលខុសត្រូវ។

គម្រោងនេះនឹងផ្តល់ការការពារពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរ​ទឹក​ធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផល​ព្យាករណ៍ថា មានផលប៉ះពាល់ត្រឹមតែ ០.០៦% តែប៉ុណ្ណោះលើរំហូរទឹកប្រចាំថ្ងៃ​របស់​ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ក្នុងរដូវទឹកជំនន់។ ផ្លូវ​ទឹក​នេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំងនឹងការ​ជ្រៀត​ចូលនៃទឹកប្រៃមកកាន់ទឹកសាប ក្នុងន័យនេះគម្រោងនេះនឹងរក្សាបាននូវជីវចម្រុះ​នៃដីសណ្ដទន្លេមេគង្គ។

លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹក​នៅ​ខេត្ត​ចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើងនៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យ​ដែលទឹក​ជំនន់​ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាមផងដែរ។

កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពហើយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។ ខ្ញុំអាចបញ្ជាក់បានថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណន​តេជោនេះ នឹងដំណើរការក្រោមគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យ​ភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើ​ទឹក​ដីរបស់ខ្លួន។

សរុបមកផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។

នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់​ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...