លោក ចូ បៃដិន ចាត់ទុកការស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែល របស់រដ្ឋអាជ្ញា ICC ជារឿងដ៏អាម៉ាស់

Posted By: RoogRog Robot | 21-May-2024 11:11:58

2024-05-21 10:09am

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរិះគន់សំណើរបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយចាត់ទុកសកម្មភាពបែបនេះជារឿងដ៏អាម៉ាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែឧសភា លោក បៃដិន បានកត់សម្គាល់ថា <<ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនថារដ្ឋអាជ្ញាម្នាក់នោះលើកឡើងបែបណា នោះទេ ក៏វាមិនមានការប្រៀបធៀបគ្នារវាងអីស្រាអែល និងក្រុមហាម៉ាសបានឡើយ។ យើងនឹងឈរជាមួយអ៉ីស្រាអែលជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរបស់ ពួកគេ>>។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានរិះគន់ផងដែរចំពោះការស្នើសុំដីកាចាប់ខ្លួនថ្នាក់ដឹកនាំអ៉ីស្រាអែល ដោយលោកចាត់ទុកថាការធ្វើបែបនេះនឹងមិនអាច ជួយអ្វីដល់កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សាបាននោះទេ តែមានតែបំផ្លាញកិច្ចប្រឹងប្រែងនេះទៅវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២០ ខែឧសភា រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថាលោកផ្ទាល់បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងមេដឹកនាំហាម៉ាស លោក Yahya Sinwar និងមេដឹកនាំហាម៉ាស ២នាក់ទៀត ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។ តែទាំងអ៉ីស្រាអែល និងហាម៉ាសសុទ្ធតែបង្ហាញការខឹងសម្បារ និងថ្កោលទោសការស្នើសុំដីកាចាប់ខ្លួនប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ ពួកគេ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...