ក្រុមអ្នកជំនាញវាយតម្លៃសុខភាពអន្តរជាតិ កោតសរសើរចំពោះស្មារតី និងឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសសមិទ្ធិផលដ៏ជោគជ័យអំឡុងវិបត្ដិជំងឺកូវីដ-១៩

Posted By: RoogRog Robot | 10-May-2024 23:36:57

2024-05-10 10:32pm

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Cui Lin (ឃ្វី លីន) សហប្រធានក្រុមវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ (JEE) បានថ្លែងកោតសរសើរជាខ្លាំង ចំពោះស្មារតី និងឆន្ទៈរបស់ក្រុមការងាររបស់ប្រទេសកម្ពុជាទាំងមូល ដែលជាអ្នកដោះស្រាយបញ្ហាប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសមិទ្ធិផលអំឡុងរាតត្បាតជំងឺកូវីដ១៩ ដែលដោះស្រាយបញ្ហាជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។

ការថ្លែងដូច្នេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលរួម <<សិក្ខាសាលាសង្ខេបលទ្ធផលនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤ (Joint External Evaluation, JEE 2024)>> នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤​ នាសណ្ឋាគារសុខា ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ។សិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត Dr. Babatunde Olowokure ប្រធានឆ្លើយតបបន្ទាន់ WHO និងតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោកស្រីវេជ្ជបណ្ឌិត Cui Lin បានថ្លែងបន្ដថា <<អ្វីដែលខ្ញុំចំាមិនភ្លេច ហើយពិតជាមោទនភាពគួរឱ្យកក់សម្គាល់ និងកោតសរសើរយ៉ាងខ្លាំងនោះ គឺស្មារតី និងឆន្ទៈរបស់ក្រុមការងាររបស់ប្រទេសកម្ពុជាទាំងមូល ដែលជាអ្នកដោះស្រាយបញ្ហាប្រឈមនឹងស្ថានភាពលំបាក ជាពិសេសសមិទ្ធិផលអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដែលជាអ្នកដោះស្រាយបញ្ហាជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ហើយឈានទៅវាយតម្លៃ JEE ដែលជាមូលដ្ឋានក្នុងការកសាងផែនការសកម្មភាពជាតិ ក៏ដូចជាត្រៀមទៅនឹងលក្ខណៈឆ្លើយតបជំងឺរាតត្បាតផ្សេងៗទៀត ដែលកើតមាននៅពេលខាងមុខ>>។ ក្នុងនាមវាយតម្លៃ JEE នេះ <<ខ្ញុំពិតជាថ្លែងអំណរគុណ ដោយស្មោះអស់ពីចិត្ដ និងកោតសរសើរចំពោះក្រុមការងារកម្ពុជា ដែលបានធ្វើការសហការ ធ្វើការដោយបើកចំហរជាមួយគ្នាកន្លងមក ពិសេសក្នុងរយៈពេលបើកសិក្ខាសាលាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ>>។

សម្រាប់ការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ដោយប្រើឧបករណ៍វាយតម្លៃពីខាងក្រៅ ឆ្នាំ២០២៤ បានរកឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០១៦ ក្នុងការអនុវត្តសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ក្នុងការបង្ការ ការរកឃើញ និងការឆ្លើយតប ទៅនឹងជំងឺរាតត្បាតនានា ជាពិសេសកូវីដ-១៩ ក្នុងនោះ ដែលបានប្រើប្រាស់សម្រាប់ការវាយតម្លៃនៅឆ្នាំ ២០២៤ ក្នុងនោះរួមមាន៖

* កម្ពុជាមានសមត្ថភាពធ្វើបាន (Developed Capacity and Demonstrated Capacity) ប្រមាណ ៦០% នៃសូចនាករសមត្ថភាពស្នូលនិយ័តកម្មសុខភាពអន្តរជាតិ សរុបចំនួន ៥៦

* <<សមត្ថភាពដែលនៅមានកម្រិត>> ទទួលបានការវាយតម្លៃស្មើនឹង ៤៦% នៃសូចនាករវាយតម្លៃអន្តរជាតិ សរុបចំនួន ៤៨ នៅឆ្នាំ២០១៦ បានថយចុះមកត្រឹម ៣០,៤% នៅឆ្នាំ២០២៤ ដែលនេះមានន័យថា ប្រទេសកម្ពុជាយើងបានប្រសើរឡើងនូវ <<សមត្ថភាពដែលនៅមានកម្រិត>> ប្រមាណ ១៦% (ស្មើនឹងសូចនាករចំនួន ៥)។

* <<សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច>> បានកើនឡើងប្រមាណ ១០% (ស្មើនឹងសូចនាករចំនួន ៨) ហើយ <<សមត្ថភាពដែលបញ្ជាក់បាន>> បានកើនឡើងប្រមាណ ៧% (ស្មើនឹងសូចនាករចំនួន ៥) ដែលធ្វើឱ្យ <<សមត្ថភាពដែលមានការអភិវឌ្ឍន៍រួច<< និង <<សមត្ថភាពដែលបញ្ជាក់បាន>> ឡើងដល់ ៣៩,៣% និង១៩,៦% បន្តបន្ទាប់គ្នា ខណៈដែលសូចនាករវាស់វែងត្រូវបានបង្កើនចំនួន ៨ទៀត នៅឆ្នាំ២០២៤នេះ។

បើទោះបីជាកម្ពុជាសម្រេចបានលទ្ធផលជាវិជ្ជមាន គួរឱ្យកត់សម្គាល់ដូចខាងលើនេះក្ដី ពីក្រុមអ្នកជំនាញវាយតម្លៃសុខភាពអន្តរជាតិ ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ក៏នៅតែស្នើ ក៏ដូចជាលើកទឹកចិត្តដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងពង្រឹងកិច្ចសហការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ តាមរយៈការឆ្លុះបញ្ចាំងលទ្ធផលទទួលបានក្នុងសូចនាករនីមួយៗ ដែលបានរកឃើញដោយក្រុមអ្នកជំនាញវាយតម្លៃអន្តរជាតិ នាពេលនេះ។ <<ពិសេសជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពពីមួយកម្រិតទៅមួយទៀតឱ្យបានកាន់តែប្រសើរ ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បាន ក៏ដូចជាសកលលោក ដើម្បីឱ្យប្រជាជនមានសុខភាពល្អ>>។

ព្រមជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកបទពិសោធន៍ល្អៗ និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតជាសកល ព្រមទាំងបានចែករំលែកធនធានដ៏កម្រ ដល់ប្រទេសជិតខាងក្នុងពេលមានជំងឺរាតត្បាតជាសកល និងជាពិសេសគឺការអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្រោមការដឹកនាំប្រកបដោយព្រហ្មវិហាធម៌របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជានាយករដ្ឋមន្រ្តីកម្ពុជានាពេលនោះ និងបានគ្រប់គ្រងការឆ្លងជំងឺជូនប្រកបដោយទឹកចិត្តមនុស្សធម៌ ស្មារតីសាមគ្គីភាព និងកិច្ចសហការអន្តរជាតិល្អ ព្រមទាំងគោរពតាមនិយ័តកម្មសុខភាពអន្តរជាតិ។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះ គឺមានលក្ខណៈបច្ចេកទេសស៊ីជម្រៅ ដែលនឹងផ្តល់នូវធាតុចូលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ឆ្លុះបញ្ចាំងនូវសមិទ្ធផល និងវឌ្ឍនភាព នៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ហើយក៏បានឈានទៅរកការឯកភាពគ្នាជាលក្ខណៈអន្តរវិស័យនូវកម្រិតសមត្ថភាពស្នូលទាំង ១៩ នៃនិយ័តកម្មសុខភាពអន្តរជាតិរបស់កម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លង និងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ និងឯកភាពលើកម្រិតសមត្ថភាពស្នូល អាទិភាពជាយុទ្ធសាស្រ្ត និងប្រតិបត្តិការសម្រាប់ការបង្កើតផែនការសកម្មភាពជាតិសម្រាប់សន្តិសុខសុខភាពនាពេលខាងមុខ។

តាមរយៈសិក្ខាសាលានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា នឹងបង្កើតបាននូវអនុសាសន៍សំខាន់ៗ ក្នុងការគ្រប់គ្រងជំងឺឆ្លងដែលបានកើតឡើង ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ និងសន្តិសុខសុខភាពប្រកបដោយតម្លាភាព។ លទ្ធផលនៃការវាយតម្លៃអន្តរជាតិ នឹងរួមចំណែកដល់ការអនុវត្ត <<យុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១>> ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...