សង្ក្រាមអ៊ុយក្រែនឈានចូល៨០៧ថ្ងៃ ខណៈកម្តៅសង្គ្រាមកាន់តែកើនឆេះឆួល

Posted By: RoogRog Robot | 10-May-2024 22:39:17

2024-05-10 09:33pm

(ម៉ូស្គូ)៖ រុស្ស៊ីនិងអ៊ុយក្រែនបានបង្កើនលទ្ធភាព និងសមត្ថភាពការពារនិងវាយប្រហាររៀងៗខ្លួន ខណៈ ឆ្នាំ២០២៤នេះអ៊ុយក្រែនទទួលជំនួយអាវុធពេញលេញរបស់ខ្លួន ក្រោមកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិក។ រុស្ស៊ីក្នុងសប្តាហ៍នេះបានព្រមានដល់អង្គការណាតូសាជាថ្មី…ចំណែក អ៊ុយក្រែនដែលបាននិងកំពុងទទួលជំនួយយោធាជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ក៏កំពុងធ្វើ ច្បាប់ថ្មីជ្រើសរើសទាហានពីយុវជនគ្រប់អាយុ និងពីចំណោមរង្វង់អ្នកទោស និងបានផ្លាស់ប្តូរមន្ត្រីសង្ស័យមួយចំនួនទៀត ខណៈភាពតានតឹងក្នុងសង្គ្រាមអ៊ុយក្រែននេះ ត្រូវគេបារម្ភថានឹង អាចនាំពិភពលោកឈានទៅរកគ្រោះថ្នាក់ដ៏ធំមួយ។

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានថ្លែងព្រមានភាពអាចប៉ះទង្គិចគ្នាក្នុងពិភពលោក ដែលសម្តីព្រមាននេះ បានទន្ទឹមនឹងការប្រកាសត្រៀមធ្វើសមយុទ្ធតាក់ទិកនុយក្លេអ៊ែ័រ ដែលប្រ ទេសលោកខាងលិចបារម្ភការកើនឡើងកំសួលកម្តៅប្រឈមមុខកាន់តែតានតឹង រវាងរុស្ស៊ីនិងប្រទេសនៃអង្គការណាតូ។ លោកវ្លាឌីមៀរពូទីនក្នុងទិវាជ័យជំនះលើសង្គ្រាមលោកលើកទី២ថ្ងៃទី៩ឧសភា នាទីលានក្រហមក្នុងរដ្ឋធានីម៉ូស្គូ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ <<រុស្ស៊ីនឹងធ្វើអ្វីៗសព្វបែបយ៉ាងទាំងអស់ដើម្បីរារាំងមិនឱ្យមាន ទំនាស់នៅក្នុងពិភពលោកនេះឡើយ ប៉ុន្តែនៅជាមួយគ្នានេះរុស្ស៊ីក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ មកគំរាមកំហែងយើងបានឡើយ>>។ លោកពូទីនបានបន្តថា <<កងកម្លាំងយុទ្ធសាស្ត្ររុស្ស៊ីគឺស្ថិតក្នុងការប្រុងប្រៀបប្រយុទ្ធជាប់ជានិច្ច>>។

សាររបស់លោកពូទីនថ្លែងនៅក្នុងសុន្ទរកថា បានបញ្ជាក់យ៉ាងច្បាស់ជុំវិញការបន្ទាសដាក់លើ ប្រទេសលោកខាងលិច ដែលចង់បង្កឱ្យមានទំនាស់អាវុធនុយក្លេអ៊ែ័រ ខណៈបញ្ជាក់វិញថារុស្ស៊ី ក៏បានត្រៀមទប់ទល់ទៅវិញរាល់អំពើគំរាមកំហែងណាមួយដាក់មកលើរុស្ស៊ី។ មេដឹកនាំរុស្ស៊ី បានព្រមានថា សង្គ្រាមក្នុងអ៊ុយក្រែនកាន់តែឈានចូលក្នុងដំណាក់កាលកាន់តែគ្រោះថ្នាក់បំផុត ដែលគ្រោះថ្នាក់នេះ គឺដោយសារតែអំពើគំរាមកាន់តែកើនឡើង ពីប្រទេសលោកខាងលិច ។ សម្តីចោទប្រកាន់ដាក់លើប្រទេសលោកខាងលិចនេះ គឺនៅបន្ទាប់ពីប្រធានាធិបតីបារាំង លោកអេម៉ានូអែលម៉ាក្រុង កាលពីថ្ងៃទី២ឧសភាបាននិយាយសាជាថ្មីថា កងកម្លាំងរបស់ប្រ ទេសលោកខាងលិច អាចនឹងត្រូវបានបញ្ជួនទៅកាន់អ៊ុយក្រែន…ចំណែករដ្ឋមន្ត្រីការបរទេស អង់គ្លេសលោកDavid Cameron បាននិយាយផ្តល់ភ្លើងបៃតងដល់ប្រទេសអ៊ុយក្រែនដែរថា ប្រទេសអង់គ្លេសនឹងមិនជំទាស់ទេចំពោះ ការប្រើប្រាស់អាវុធនៃជំនួយរបស់អង់គ្លេសនោះ វាយប្រហារដាក់ទៅក្នុងទឹកដីរុស្ស៊ី។

រុស្ស៊ីបានព្រមានក្នុងសប្តាហ៍នេះថា ការវាយប្រហាររបស់អ៊ុយក្រែនដាក់លើទឹកដីរុស្ស៊ីជាមួយ នឹងការប្រើអាវុធផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស វានឹងអាចនាំមកនូវការវាយប្រហារសងសឹក ដាក់ទៅលើទីតាំងនិងឧបករណ៍យោធាអង់គ្លេសលើទឹកដីអ៊ុយក្រែន ឬតាមកន្លែងផ្សេងដទៃ ទៀតវិញ។ ខណៈដែលវិមានក្រឹមឡាំងមើលឃើញថា អំពើគំរាមកំហែងរបស់ប្រទេសលោកខាងលិច កាន់តែបង្កើនឡើងមកថែមទៀតនោះ រុស្ស៊ី បានប្រកាសការត្រៀមធ្វើសមយុទ្ធតាក់ទិកនុយក្លេអ៊ែ័រ ដែលរំពឹងនឹងមានការចូលរួមពីប្រទេសបេឡារុស ដែលមានពង្រាយអាវុធតាក់ ទិកនុយក្លេអ៊ែ័ររបស់រុស្ស៊ីនៅទីនោះរួចមកហើយ។ រុស្ស៊ី បានព្រមានការពង្រាយអាវុធនុយក្លេ អ៊ែ័រជាបន្ថែមទៀត នៅក្នុងការត្រៀមធ្វើសមយុទ្ធតាក់ទិកនុយក្លេអ៊ែ័រក្នុងពេលខាងមុខនេះ។​លោកពូទីនបានប្រាប់មនុស្សច្រើនម៉ឺននាក់ក្នុងពិធីនាទីលានក្រហមថា <<រុស្ស៊ីកំពុងឆ្លងកាត់ ស្ថានភាពដ៏លំបាកមួយ>>។ លោកបញ្ជាក់ថា <<វាសនាអនាគតរបស់មាតុភូមិរុស្ស៊ី គឺពឹងផ្អែក លើប្រជាជនម្នាក់ៗរបស់រុស្ស៊ី>> និងលោកបានបន្ថែមថាហើយថ្ងៃនេះទៀតដែលជាថ្ងៃប្រារព្ធ នៃទិវាជ័យជម្នះ គេកាន់តែមើលឃើញច្បាស់និងជឿជាក់លើវាសនានៃប្រទេសជាតិដែល ប្រជាជនរុស្ស៊ីគឺជាអ្នកសំរេច។

លោកវ្លាឌីមៀរពូទីន ដែលទទួលបានការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនរុស្ស៊ី បានឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីថ្មីអាណ្ណត្តិទី៥កាលពីថ្ងៃអង្គារ៍ទី៧ឧសភា។ ការគាំទ្រ សាជាថ្មីពីប្រជាជនរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈការបោះឆ្នោតសកលនោះ ត្រូវគេ ចាត់ទុកថា ជាការប្រថាប់ត្រាផ្តល់ការទុកចិត្តដល់លោកវ្លាឌីមៀរពូទីន ដែលកំពុងធ្វើសង្គ្រាមប្រឆាំងនូវអ្វីដែលរុស្ស៊ីបានចាត់ទុកថា ជាអំពើឈ្លានពានណាស៊ីនិយមជាលើកទី២នៅក្នុងទ្វីបអឺរ៉ុប។ ក្នុងពិធីអបអរទិវាជ័យជំនះថ្ងៃទី៩ឧសភា, ក្បួនព្យុហយាត្រារបស់កងកម្លាំងរុស្ស៊ី បានបង្ហាញនូវអាវុធមីស៊ីលបាលីស្ទីកអន្តរទ្វីប និងយុទ្ធោបករណ៍សឹកជាច្រើនទៀត ដែលអាវុធ ប្រល័យលោកទាំងនេះ គឺជាអាវុធដែលមេដឹកនាំរុស្ស៊ីបានបញ្ជាក់បង្ហាញប្រាប់ពិភពលោកថា រុស្ស៊ីមិនមែនជាប្រទេសដែលគេអាចគំរាម និងថារុស្ស៊ីបានត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រចផងដែរ។ ក្នុងពិធីដ៏អ៊ឹកអធិកនាទីលានក្រហមក្នុងរដ្ឋធានីម៉ូស្គូនោះ គេមិនឃើញមាន ការចូលរួមពីមេដឹកនាំមកពីប្រទេសលោកខាងលិចឡើយ។

ពិធីថ្ងៃទី៩ឧសភានោះ គេសង្កេតឃើញរួមមានមេដឹកនាំនៃប្រទេសបេឡារុស្ស, ប្រទេសកាហ្សាក់ស្តង់, ប្រទេសកៀហ្ស៊ីស្តង់ តាជីគីស្តង់ តួកម៉េនីស្តង់, អ៊ូសបេគីស្តង់, គុយបា, ឡាវ និងប្រទេសហ្គីណេប៊ីសាវ។ ប្រធានរដ្ឋនៃប្រទេសឡាវ លោក Thongloun Sisoulit គឺជាមេដឹក នាំតែម្នាក់គត់នៃប្រទេសក្នុងអាស៊ាន ដែលចូលរួមទិវា៩ឧសភាក្នុងឱកាសនោះ។

លោកវ្លាឌីមៀរពូទីន បានថ្លែងអំណរគុណដល់ប្រទេសឡាវដែលបានប្រគល់រថក្រោះ T-34 មកឱ្យរុស្ស៊ី និងលោកបានចាត់ទុកថារថក្រោះ T-34 ដែលគេឃើញបានបង្ហាញក្នុងពិធីព្យុះហយាត្រាថ្ងៃទី៩ឧសភានោះ គឺជានិមិត្តរូបនៃជ័យជំនះ។ លោកវ្លាឌីមៀរពូទីន បានប្រាប់មេដឹកនាំ ឡាវថា វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញរថក្រោះ T-34 ជាសាធារណៈ ដែលនឹងជួយ បង្កើនការយល់ដឹងក្នុងចំណោមក្រុមយុវជនជំនាន់ក្រោយ។

អ៊ុយក្រែនបន្តវាយប្រហារដាក់លើរុស្ស៊ីនៅចំថ្ងៃទី៩ឧសភាខណៈរុស្ស៊ីប្រារព្ធទិវាជ័យជំនះ៩ឧសភាក្នុងរដ្ឋធានីម៉ូស្គូ, អ៊ុយក្រែនមិនបានបោះបង់ឱកាស ឱ្យស្ថានភាពស្ងៀមស្ងាត់បានកន្លងផុតទៅឡើយ។ សេចក្តីរាយការណ៍បានបង្ហាញថានៅថ្ងៃទី ៩ឧសភានោះ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានវាយប្រហារដាក់លើទីតាំងរោងចក្រប្រេងរបស់រុស្ស៊ីក្នុងតំបន់ Bashkiria ក្នុងទឹកដីចូលជ្រៅ១ពាន់៥០០គីឡូម៉ែត្រ។ នេះជាការវាយប្រ ហារចូលជ្រៅបំផុតក្នុងទឹកដីរុស្សី ចាប់តាំងពីមានសង្គ្រាមអ៊ុយក្រែនថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ នោះមក។ ការវាយប្រហារនៅចំថ្ងៃប្រារព្ធទិវាជ័យជំនះដែរនោះ បានធ្វើទៅលើដេប៉ូប្រេង ២កន្លែងផ្សេងទៀតនាភាគខាងត្បូងរុស្ស៊ី ខណៈដែលការវាយប្រហាររបស់រុស្ស៊ីកន្លងមកដាក់ លើអ៊ុយក្រែន ក៏សំដៅដាក់មកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដូចគ្នានោះផងដែរ។ប៉ុន្តែក្នុងពេលដែលអ៊ុយក្រែនត្រូវគេរាយការណ៍ថាកំពុងត្រៀមខ្លួនវាយប្រហារសាជាថ្មីដាក់ទៅ លើកងកម្លាំងរុស្ស៊ីក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបានទទួលអាវុធយុទ្ធភណ្ឌគ្រប់គ្រាន់ពីសហរដ្ឋ​អាមេរិករួចមកនោះ, អ៊ុយក្រែនហាក់ដូចជាបានកែទម្រង់និងផ្លាស់ប្តូរស្ថានភាពខ្លះនៅក្នុងពេលនេះ។

លោកហ្សេឡិនស្គីកាលពីថ្ងៃទី៩ឧសភា បានបណ្តេញមេបញ្ជាការនៃអង្គភាពទទួលបន្ទុកកិច្ច ការសុវត្ថិភាពផ្ទាល់ខ្លួនរបស់មេដឹកនាំអ៊ុយក្រែន ក្រោយការបំបែកផែនការណ៍សម្ងាត់មួយ ពាក់ព័ន្ធនឹងវរសេនីយ៍ឯកយោធា២រូបដែលប៉ុនប៉ងធ្វើឃាតលើរូបលោក និងលើមេដឹកនាំថ្នាក់ ដឹកនាំជាន់ខ្ពស់មន្ត្រីអ៊ុយក្រែនដទៃទៀត។ ២ថ្ងៃក្រោយការចាប់ខ្លួនវរសេនីយ៍ឯកយោធាទាំង ២រូបនោះមក, ប្រធាននាយកដ្ឋាននៃកងឆ្មាំអង្គរក្ស គឺលោក Serhiy Rud ត្រូវបានលោក ហ្សេ ឡិនស្គី បញ្ជាឱ្យចុះចេញជាបន្ទាន់ផងដែរ។ នៅទន្ទឹមនេះដែរ, លោកហ្សេឡិនស្គី នៅបានផ្លាស់ប្តូរមេបញ្ជាការកងកម្លាំងពិសេសរបស់ លោកផងទៀតកាលពីថ្ងៃទី៩ឧសភានោះ។

មេបញ្ជាការដែលត្រូវបានដកចេញពីតំណែងមេបញ្ជាការកងកម្លាំងពិសេសនោះ មានឈ្មោះ Serhiy Lupanchuk និងមនុស្សដែលមកជំនួស តំណែងនោះ គឺឧត្តមសេនីយ៍ត្រី Oleksandr Trepak ។ ការបណ្តេញនិងផ្លាស់ប្តូរមន្ត្រីសំខាន់ មួយចំនួនទៀត ក៏ត្រូវបានធ្វើតាមរយៈសភាអ៊ុយក្រែនផងដែរ ក្នុងកាលៈទេសៈដែលកំពុងរៀប ចំកម្លាំងថ្មីធ្វើការតទល់ជាមួយនឹងរុស្ស៊ីក្នុងឆ្នាំ២០២៤។

សភាអ៊ុយក្រែន កាលពីថ្ងៃទី៩ឧសភា​បានបោះឆ្នោតបណ្តេញឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ២រូបទៀត ដែលម្នាក់ទទួលបន្ទុកកិច្ចការហេដ្ឋារចនាសម្ព័ន្ធជាតិ និងម្នាក់ទៀតជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ ឧបនាយករដ្ឋមន្ត្រីទាំង២ដែលរងការបណ្តេញនោះរួមមានឈ្មោះ Oleksandr Kubrakov និង ឈ្មោះ Mykola Solsky ។

សភានៃប្រទេសអ៊ុយក្រែននៅបានបោះឆ្នោតដាក់ពិន័យនិងទណ្ឌកម្ម ចំពោះអ្នកគេចវេសពីកំណែនយោធាផងទៀត ខណៈប្រ ទេសកំពុងជួបនឹងភាពខ្វះធនធានមនុស្សបំរើក្នុងកងកម្លាំងជួរប្រដាប់អាវុធ។ សេចក្តីរាយការណ៍បង្ហាញថា អ៊ុយក្រែនបានខ្វះនូវកម្លាំងប្រយុទ្ធ ខណៈឧបករណ៍យោធាជាច្រើនដែលបញ្ជួនមកដល់ ត្រូវការកម្លាំងទាហានអ៊ុយក្រែនជាច្រើន ដើម្បីស្ម័គ្រចិត្តប្រយុទ្ធនៅលើសមរភូមិ។

ច្បាប់ដែលគាំទ្រ ដោយមតិភាគច្រើនក្នុងសភាប៉ុន្តែនៅមិនទាន់បានចុះហត្ថលេខាពីប្រធានាធិបតីអ៊ុយក្រែននោះ គឺ ជាច្បាប់ដែលបង្កើនការផាកពិន័យចំពោះបុគ្គលណា ដែលត្រូវគេចាប់ខ្លួនដោយសារការគេចមិនចូលបំរើកងទ័ព និងច្បាប់ដដែលនោះអនុញ្ញាតឱ្យអាជ្ញាធរដាក់គុក ដល់អ្នកគេចពីកំណែន បំរើយោធារយៈពេលចំនួន៣ថ្ងៃ។

ក្រោមច្បាប់ថ្មីនោះផងដែរ, អ៊ុយក្រែននឹងអនុញ្ញាតឱ្យអ្នកទោសខ្លះដាក់ពាក្យសុំរកការដោះលែងនៅមុនការកំណត់ និងពួកគេត្រូវចូលបំរើកងទ័ព ដើម្បីប្រយុទ្ធនៅលើសមរភូមិប្រឆាំងរុស្ស៊ី។ ច្បាប់ថ្មីនេះនឹងអនុវត្តចំពោះទណ្ឌិតណាដែលនៅសល់រយៈពេលជាប់គុកមិនលើសពី៣ឆ្នាំ នៃទោសដែលខ្លួនបានជាប់ ប៉ុន្តែច្បាប់រើសទាហានេះ នឹងមិនយកអ្នកទោសណាដែលប្រព្រឹត្តនូវកំហុសឧក្រិដ្ឋធ្ងន់ធ្ងរឡើយ ដូចជាអ្នកទោសសម្លាប់មនុស្សដោយចេតនា, អ្នកទោសដោយសារការរំលោភលើស្ត្រីនិងលើកុមារ, មនុស្សពុករលួយ និងមនុស្សណាដែលគេបាន កាត់ទោសដាក់គុកក្រោមច្បាប់ប្រឆាំងសន្តិសុខជាតិរបស់អ៊ុយក្រែន។ ច្បាប់ថ្មីនោះនឹងតម្រូវ ឱ្យអ្នកទោសចូលរួមបំរើកងទ័ពតាមឆន្ទៈសេរីរបស់ខ្លួន។ ច្បាប់បានចែងដែរថា អ្នកទាំងឡាយ ណាដែលចាកចេញពី ជួរកងទ័ពនៅមុនកុងត្រាសន្យា នឹងត្រូវប្រឈមការដាក់ទោសក្នុងគុក ជាបន្ថែមពីរយៈពេល៥ទៅ១០ឆ្នាំ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...