កំពង់ផែភ្នំពេញ ចំណេញជាង ៩លានដុល្លារនៅឆ្នាំ២០២៣ ថយចុះ៣៥%

Posted By: RoogRog Robot | 10-May-2024 17:09:49

2024-05-10 04:02pm

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកបានប្រាក់ចំណេញជាង ៩លានដុល្លារអាមេរិក ថយចុះ៣៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។

ថ្លែងក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ឺ បាវី បានបញ្ជាក់ថា <<លទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩,៣៩៣,១៧៩ដុល្លារ ដែលអនុវត្តបាន៥៨% ធៀបនឹងផែនការឆ្នាំ២០២៣ និងថយចុះចំនួន ៣៥% ធៀបនឹងការអនុវត្តឆ្នាំ២០២២>>។

លោក ហ៊ឺ បាវី បានបន្ថែមទៀតថា សម្រាប់លទ្ធផលអាជីវកម្មនៅក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៩៦ ២២៥ TEUs ដែលអនុវត្តបានធៀប និងផែនការឆ្នាំ២០២៣ ចំនួន៨៥% និងថយចុះចំនួន៥% ធៀបនឹងការអនុវត្ត ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានកន្លងមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២៤ និងឆ្នាំបន្ត បន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រៀមអភិវឌ្ឍចំណតផែកុងតឺន័រ LM១៧ ជំហានទី៤ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមបណ្តាទីតាំងចំនួន៧ទៀត រួមមាន៖ ទី១៖ ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ), ទី២៖ ចំណតផែរណបពហុបំណងបឹងកេត (កំពង់ចាម), ទី៣៖ ចំណតផែរណបពហុបំណងភ្នំក្រោម (សៀមរាប), ទី៤៖ ចំណតផែរណបពហុបំណងកំពង់ឆ្នាំង, ទី៥៖ ចំណតផែរណបពហុបំណងកំពង់លែង, ទី៦៖ ចំណតផែរណបពហុបំណងព្រែកក្តាម, និងទី៧៖ ចំណតផែរណបពហុបំណងសុវណ្ណភូមិ LM២៥ ដើម្បីបង្ខិតសេវាកម្មរបស់ កំពង់ផែស្វយ័តភ្នំពេញ ឲ្យកាន់តែកៀកអតិថិជន និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗ។

លោកប្រធានអគ្គនាយក បានបញ្ជាក់ថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជា របស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល៩ឆ្នាំ ហើយ ដោយក្នុងនោះ តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើន និងការជឿទុកចិត្តរបស់វិនិយោគិនមកកាន់កំពង់ផែស្វយ័តភ្នំពេញ។

លោកថា កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានកិត្តិយស និងមានមោទនភាពចំពោះស្នាដៃ និងលទ្ធផល ដែលសម្រេចបាននេះណាស់។

លោកបន្ដថា ទោះបីជាយ៉ាងណា កំពង់ផែស្វយ័តភ្នំពេញ នៅមានការទទួលខុសត្រូវច្រើនបន្តទៀត ដែលក្នុងនោះ ត្រូវបន្តអនុវត្តផែនការសកម្មភាពអភិវឌ្ឍកំពង់ផែ តាមរយៈការពង្រឹងការគ្រប់គ្រងអង្គភាព ការពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងប្រតិបត្តិការអាជីវកម្ម/សេវាកម្ម៖

* បន្តជំរុញការងារជាមួយដៃគូពាក់ព័ន្ធ * បន្តយកចិត្តទុកដាក់ ក្នុងការធ្វើពិពិធកម្មសេវាកម្មកំពង់ផែ ឲ្យកាន់តែសម្បូរបែប សំដៅបង្កើនចំណូលរបស់អង្គភាព * និងការធ្វើទំនើបកម្មកំពង់ផែ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...