ប្រធានដេប៉ាតឺម៉ងមហាវិទ្យាល័យវិស្វកម្មកសិកម្មនៃសាកវិទ្យាល័យភូមិន្ទកសិកម្ម ធ្លាក់ឈឺជំងឺមហារីកបេះដូងធ្ងន់ធ្ងរ កំពុងខ្វះលទ្ធភាពព្យាបាលជំងឺ អំពាវនាវរកការជួយឧបត្ថម្ភ

Posted By: RoogRog Robot | 10-May-2024 14:40:57

2024-05-10 01:40pm

(ភ្នំពេញ)៖ លោក នុត ណារ៉េត ដែលជាសិស្សពូកែតាំងពីតូច តស៊ូសិក្សារហូតក្លាយ​ជាមន្ត្រី​ដ៏សកម្ម និងបានបន្តការសិក្សាបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រកសិកម្មនៅប្រទេសជប៉ុន បាន​ធ្លាក់ខ្លួនឈឺជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ដែលជាប្រភេទជំងឺកម្រមួយ។ បច្ចុប្បន្នលោក កំពុងសង្រ្គោះនៅប្រទេសថៃ ដោយត្រូវការថវិកាជាច្រើនសម្រាប់ព្យាបាលជំងឺនេះ។

ស្ថិតក្នុងវ័យ៣៩ឆ្នាំ លោក នុត ណារ៉េត គឺជាប្រធានដេប៉ាតឺម៉ង មហាវិទ្យាល័យវិស្វកម្មក​សិ​កម្ម​នៃសាកវិទ្យាល័យភូមិន្ទកសិកម្ម។ លោកបានធ្លាក់ខ្លួនឈឺកាលពីខែសីហា ឆ្នាំ២០២៣ ក្រោយពេលទៅសិក្សាស្រាវជ្រាវនៅប្រទេសខូសារីតា អាមេរិកឡាទីន បានប្រមាណ២ខែ។ ដោយអការៈមិនទាន់ធូរស្រាលក្រុមគ្រួសាររបស់លោកបានបញ្ជូនទៅសង្រ្គោះ និងព្យាបាល​នៅប្រទេសថៃ។ ក្នុងរយៈពេលព្យាបាល១ខែកន្លះនៅប្រទេសថៃ បានវះកាត់៤ដង​រួចមក​ហើយ ដើម្បីយកទឹកចេញពីសួត និងបេះដូង។

លោកស្រី លី ម៉ុនថា ជាភរិយារបស់លោក នុត ណារ៉េត បានឱ្យដឹងថា អស់រយៈពេល៩ខែ​ហើយ ដែលប្តីរបស់លោកស្រីបានធ្លាក់ខ្លួនឈឺជំងឺមហារីកបេះដូងធ្ងន់ធ្ងរ និងបានចំណាយ​ថវិកាអស់យ៉ាងច្រើនសម្រាប់ព្យាបាល។ បច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ និងរង់ចាំការចាក់ថ្នាំគីមី។

លោកស្រីបានបញ្ជាក់ថា គ្រូពេទ្យបានតម្រូវឱ្យចាក់គីមីចំនួន៣ដង ដោយម្តងត្រូវ​ចំណាយ​ថវិកា​ប្រមាណ៣៥០០ដុល្លារ ដែលជាចំនួនមួយដ៏ច្រើន ហើយគ្រួសាររបស់លោក​ស្រីកំពុង​ខ្វះ​លទ្ធភាពក្នុងការព្យាបាលផងដែរ។

លោកស្រីបន្ថែមថា <<បច្ចុប្បន្ននេះយើងកំពុងខ្វះខាតថវិកាក្នុងការព្យាបាល ដោយសារយើង​បាន​ព្យាបាលអស់រយៈពេលជាយូរដែរហើយ ហើយឥលូវត្រូវសម្រាកព្យាបាល ចាក់គីមី​បន្ត​ទៀត។ ពេទ្យថា ជំងឺគាត់នេះ គឺជាជំងឺកម្រ ហើយគេនឹងបន្តចាក់គីមី និងបន្តតាមដាន​បន្ថែម​ទៀត>>។

ការធ្លាក់ខ្លួនឈឺរបស់ លោក នុត ណារ៉េត បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារលោកយ៉ាង​ខ្លាំង ខណៈបច្ចុប្បន្ននេះលោកស្រី លី ម៉ុនថា កំពុងមានផ្ទៃពោះ៧ខែ និងមានកូនតូច២នាក់​នៅក្នុងបន្ទុក ស្របពេលលោកស្រីក៏មិនអាចចេញទៅបំពេញការងាររកស៊ីបាន។

លោកស្រីបានសំណូមពរដល់សប្បុរសជន ព្រមទាំងប្រមុខរាជរដ្ឋាភិបាល ជួយឧបត្ថម្ភថវិកា​តាមលទ្ធភាព ដើម្បីបន្តព្យាបាល លោក នុត ណារ៉េត ឱ្យជាសះស្បើយ ដើម្បីឱ្យលោកបាន​មកបំពេញការងារ ជួយបណ្តុះបណ្តាលនិស្សិតក្នុងវិស័យកសិកម្មបន្តទៀត។

លោកស្រីបានលើកឡើង លោក នុត ណារ៉េត គឺជាមន្រ្តី និងជាគ្រូបង្រៀនដ៏សកម្មម្នាក់ ដែល​បានលះបង់កម្លាំង និងពេលវេលាក្នុងការបំពេញការងា និងបង្រៀនសិស្សឱ្យទទួលបាន​ចំណេះ​​ដឹងទាក់ទងនឹងវិស័យកសិកម្ម។

សូមជម្រាបផងដែរ លោក នុត ណារ៉េត មានសាវតារជាសិស្សពូកែតាំងពីបឋមសិក្សាដល់​ដល់​វិទ្យាល័យ។ លុះឡើងមករៀននៅឧត្តមសិក្សាលោកនៅតែជាសិស្សឆ្នើមទទួល​បានអាហារូប​ករណ៍​ជាបន្តបន្ទាប់ទៅសិក្សានៅក្រៅប្រទេសដូចជាថៃ អ៊ីស្រាអែល និងជប៉ុនជាដើម។

លោក នុត ណារ៉េត កើតនៅឆ្នាំ១៩៨៥ នៅខេត្តសៀមរាប។ លោកបានរៀបការជាមួយ​អ្នក​ស្រី លី ម៉ុនថា ទទួលបានចំណងដៃកូនស្រីចំនួន ២នាក់។ កាលពីកុមារភាព ចន្លោះឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៩ លោក នុត ណារ៉េត សិក្សានៅសាលាបឋមសិក្សាវត្តរាជបូណ៌ និងបានបន្តការសិក្សានៅអនុវិទ្យាល័យអង្គរ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២។ លុះឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ លោកសិក្សានៅវិទ្យាល័យ១០មករា១៩៧៩ និងបានប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០០៥ តែម្តង។

លុះបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅខេត្តសៀមរាប លោក នុត ណារ៉េត បានឡើងមករៀននៅឧត្តមសិក្សាចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេស បច្ចេកវិទ្យានិងគ្រប់គ្រងកសិកម្ម ពីសាកលវិទ្យាលភូមិន្ទកសិកម្ម។ នៅឆ្នាំ២០០៧-២០០៨ លោកក៏បានទៅសិក្សាថ្នាក់ឌីប្លូម៉ានៅប្រទេសអ៊ីស្រាអ៊ែលផងដែរ។

បន្ទាប់មកពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ លោកបានទៅសិក្សានៅបរទេស និងបានញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យខនកែន ប្រទេសថៃ។ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ លោកបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យកសិកម្មតូក្យូ ប្រទេសជប៉ុន។

តាមរយៈចំណេះវិជ្ជាលោក នុត ណារ៉េត បានយកទៅបម្រើសង្គមជាតិជាច្រើន រួមមាន៖ ពីឆ្នាំ២០០៩ -២០១១ លោកជាមន្ត្រីរដ្ឋបាលនៅមហាវិទ្យាល័យបច្ចេកវិទ្យា និងគ្រប់គ្រងកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពីឆ្នាំ២០១៤ -២០១៧ លោកជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន លោកជាប្រធានដេប៉ាតឺម៉ង់នៅមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...