(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់អំពីមូលហេតុ ដែលរាជរដ្ឋាភិបាល ឲ្យឯកជនវិនិយោគព្រលានយន្តហោះ ខណៈការអភិវឌ្ឍព្រលានយន្តហោះ ជួយជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសតំបន់ជុំវិញព្រលានយន្តហោះ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ <<ឥទ្ធិពលនៃវិស័យអាកាសចរណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា <<តាមការសិក្សាគេឃើញថា ការផ្ដល់សេវាកម្មរដ្ឋ មានប្រសិទ្ធភាពទាបជាង ការផ្ដល់សេវាដោយឯកជន ព្រោះថា ឯកជនមានលទ្ធភាពទាំងហិរញ្ញវត្ថុ ទាំងផ្នែកគ្រប់គ្រង ធនធានមនុស្ស ហើយប្រសិទ្ធភាព ក្នុងការអនុវត្ដអាចអស់ថវិកាតិចជាង ហើយប្រសិទ្ធភាពខ្ពស់ជាង ដូច្នេះបន្ទាប់ពីសិក្សានេះរួចមក ប្រទេសមួយចំនួនលើពិភពលោក បានប្រែខ្លួនពីការផ្ដល់សេវាដោយរដ្ឋ ទៅជាសេវាឯកជន>>។
បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការកសាងអាកាសយានដ្ឋានអន្ដរជាតិ ទី១៖ ការទាក់ទាញវិនិយោគិន ឲ្យចូលមកអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទី២៖ បង្កើតការងារដោយផ្ទាល់រាប់ពាន់ការងារ និងបង្កើតការងារ ដោយប្រយោលជាច្រើន ជាពិសេសតំបន់ជុំវិញអាកាសយានដ្ឋាន ក៏មានការរីកចម្រើន ដូចជាតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច និងតំបន់បុរី ផ្សេងៗ ជាដើម៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖