កាកបាទក្រហមកម្ពុជា ប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជយលាភីថ្នាក់ជាតិ ក្នុងឱកាសអបអរទិវា ៨ឧសភា ២០២៤

Posted By: RoogRog Robot | 10-May-2024 01:00:04

2024-05-10 07:54am

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជយលាភីថ្នាក់ជាតិ ក្នុងឱកាសអបអរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>> ដែលប្រព្រឹត្ដទៅនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ពិធីខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រីអគ្គលេខាធិការរងទី១ លោកអគ្គលេខាធិការរងទី២ ព្រមទាំងពី ក្រុមប្រតិបត្តិសាខា លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា មកពីសាខា អនុសាខាកាកបាទក្រហមកម្ពុជា ចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តសៀមរាប និងខេត្តព្រះសីហនុ សរុបប្រមាណជាង១៣០នាក់។

ការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា មានយុវជនកាកបាទក្រហមកម្ពុជាចូលរួមសរុបចំនួន ១,៧២៤នាក់ មកវិទ្យាល័យចំនួន១២៤ តាមរាជធានី-ខេត្ដ លើប្រធានបទ <<វិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ>> ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាទាំង២៤ខេត្ត និងអនុសាខា១៤នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានជ្រើសរើសជយលាភីសរុបចំនួន ១១៧ផ្ទាំងប៉ុណ្ណោះ មកចូលរួមប្រកួតនៅថ្នាក់ជាតិ។ មុននឹងឈានដល់វគ្គផ្ដាច់ព្រាត់នេះ កាលពីចុងខែមេសាកន្លងទៅនេះ ក្រុមការងារក៏បានពិនិត្យវាយតម្លៃស្នាដៃគំនូរប្រចាំឆ្នាំ២០២៤ ហើយជ្រើសរើសបេក្ខជនជយលាភីចំនួនួ ៦រូប ដើម្បីឡើងធ្វើការបង្ហាញខ្លឹមសារនៃគំនូររបស់ខ្លួន ដើម្បីទទួលជយលាភីផ្តាច់ព្រាត់ នៅថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា។

សម្រាប់ម្ចាស់ជយលាភីលេខ១ គឺបានទៅលើយុវជន សុខ ប៊ុនលាភ សិស្សថ្នាក់ទី១០ (C) វិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសព្រះរាជសម្ភារៈ ខេត្តកំពត ទទួលបាន Tablet១ឈុត ដែលមាន Mouse ១ និង Keyboard ១, សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៥០ ម៉ឺនរៀល។ ជយលាភីលេខ២ យុវជន សម្បត្តិ ពិសិទ្ធ សិស្សថ្នាក់ទី១២ (ឆ) មកពីវិទ្យាល័យសម្តេចជួនណាត ខេត្តកំពង់ចាម ទទួលបាន Tablet១ឈុត ដោយមានទាំងMouse ១ និង Keyboard ១, សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៤០ ម៉ឺនរៀល និងជយលាភីលេខ៣ យុវនារី លឹម គីមគាង សិស្សថ្នាក់ទី១២ (ច) មកពីវិទ្យាល័យព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបាន Tablet១ឈុត មាន Mouse ១ និង Keyboard១, សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, និងថវិកា ៣០ម៉ឺនរៀល។ ពិធីប្រកាសសម្រាប់ជយលាភីខាងលើនេះ ដោយលោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ចំពោះបេក្ខជនចំនួន ៣នាក់ដែលមិនទទួលបានជយលាភី គឺទទួលបានរង្វាន់លួងចិត្ដដូចៗគ្នារួមមាន៖ Tablet ១ឈុត ដោយក្នុងនោះមានទាំង Mouse ១ និងKeyboard១, សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល និងប៊ិច២ដើម ។ចំពោះរង្វាន់ជយលាភីថ្នាក់ខេត្ត ១១១នាក់ផ្សេងទៀត ទទួលបានសៀវភៅ ៥ក្បាល និងប៊ិច ២ដើមផងដែរ។

បន្ទាប់ពីធ្វើការប្រគល់រង្វាន់ជូនម្ចាស់ជយលាភីរួចរាល់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បេក្ខជន ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំដែលមានចូលរួម ។ជាងនេះទៅទៀត លោកស្រីក៏បានថ្លែងកោតសរសើរចំពោះស្នាដៃរបស់យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានសមត្ថភាពយ៉ាងអស្ចារ្យ ទាំងការគូរគំនូរ និងធ្វើបទបង្ហាញ។

ទន្ទឹមនឹងនោះលោកស្រី ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសាខាកាកបាទ្រហមកម្ពុជា ២៤ខេត្ត និងរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង សម្រប់សម្រួល និងដឹកនាំការប្រឡងគំនូរនេះ និងកោតសរសើរសារជាថ្មីចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមការប្រទ្បងគំនូរនេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹង អំពីវិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...