អ៊ីរ៉ង់និយាយថា ខ្លួនអាចនឹងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ប្រសិនបើអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងដោយអ៊ីស្រាអែល

Posted By: RoogRog Robot | 09-May-2024 22:47:21

2024-05-09 09:40pm

(តេហេរ៉ង់)៖ ទីប្រឹក្សាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់អាចនឹងត្រូវពិនិត្យឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីស្រាអែល ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពដែលអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍នេះបន្ថែមទៅលើក្តីបារម្ភដែលមានស្រាប់ អំពីចេតនាកាន់កាប់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាមានក្រឹត្យរបស់មេដឹកនាំកំពូលលោក Ali Khamenei ដែលបានហាមឃាត់ការអភិវឌ្ឍន៍អាវុធប្រល័យលោកបែបនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

លោក Kharazi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា <<យើងមិនមានការសម្រេចចិត្តក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរទេ ប៉ុន្តែប្រសិនបើអត្ថិភាពរបស់អ៊ីរ៉ង់ត្រូវបានគំរាមកំហែង វាគ្មានជម្រើសអ្វីក្រៅពីការផ្លាស់ប្តូរគោលលទ្ធិយោធារបស់យើងនោះទេ>>។

លោកបានសង្កត់ធ្ងន់ទៀតថា <<យុទ្ធសាស្ត្ររារាំងរបស់អ៊ីរ៉ង់ អាចផ្លាស់ប្តូរ ប្រសិនបើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានរងការវាយប្រហារដោយអ៊ីស្រាអែល>>។

គួរជម្រាបថា នៅដើមទសវត្សរ៍ឆ្នាំ២០០០ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅក្នុងក្រឹត្យសាសនាមួយ ដោយបញ្ជាក់ជំហររបស់គាត់ឡើងវិញនៅឆ្នាំ ២០១៩ ដោយនិយាយថា <<ការអភិវឌ្ឍ និងរក្សាទុកគ្រាប់បែកនុយក្លេអ៊ែរគឺខុសច្បាប់សាសនា ហើយការប្រើប្រាស់វា គឺហារ៉ាម (ហាមឃាត់ដោយសាសនា)>>។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០២១ រដ្ឋមន្ត្រីស៊ើបការណ៍អ៊ីរ៉ង់ បាននិយាយថា សម្ពាធរបស់លោកខាងលិច អាចរុញច្រានទីក្រុងតេអេរ៉ង់ឱ្យស្វែងរកអាវុធនុយក្លេអ៊ែរបាន។

កាលពីខែមេសា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលបានឈានដល់កម្រិតខ្ពស់បំផុតរបស់ពួកគេ ដោយទីក្រុងតេអេរ៉ង់បានបាញ់ផ្លោងមីស៊ីល និងយន្តហោះដ្រូនដោយផ្ទាល់ និងជាលើកដំបូងប្រមាណ ៣០០ គ្រឿង និងគ្រាប់ ប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅទីក្រុងដាម៉ាស នៃប្រទេសស៊ីរី៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...