វិភាគអន្តរជាតិ៖ គំរាមឈប់ឱ្យអាវុធអ៉ីស្រាអែល តើលោក បៃដិន លែងមែនទែន ឬធ្វើឱ្យតែល្អមើល?

Posted By: RoogRog Robot | 09-May-2024 22:35:49

2024-05-09 09:32pm

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីប្រឹងបញ្ចុះបញ្ចូលផង លួងលោមផង នៅតែគ្មានលទ្ធផល នៅទីបំផុតទៅលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានគំរាមបញ្ឈប់បញ្ជូនគ្រាប់បែក ទៅឱ្យ អ៉ីស្រាអែល ប្រសិនបើកងកម្លាំងអ៉ីស្រាអែលបើកប្រតិបត្តិការវាយលុកថ្មើរជើងទ្រង់ទ្រាយធំចូលទីក្រុង Rafah។ ការសម្រេចចិត្តរបស់លោក ចូ បៃដិន ដោយផ្អាកការប្រគល់គ្រាប់បែក ជាង ៣៥០០គ្រាប់ទៅ​ឱ្យអ៉ីស្រាអែល គឺជាសារដែលលោកចង់បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូថាការអត់ធ្មត់របស់លោកមានដែនកំណត់។ ខណៈនៅតែទទូចគាំទ្រយ៉ាងរឹងមាំ ដល់អ៉ីស្រាអែល លោក បៃដិន បានជ្រើសរើសយកការគំរាមជាសាធារណៈនេះជាលើកដំបូងចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ជាមធ្យោបាយមួយដើម្បី ប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកផ្គង់ផ្គត់អាវុធដ៏ធំរបស់អ៉ីស្រាអែល ក្នុងចេតនាបង្ហាញពីការមិនពេញចិត្តរបស់លោក។

ការផ្អាកការបញ្ជូនគ្រាប់បែកទៅឱ្យអ៉ីស្រាអែល អាចជា <<ចំណុចរបត់ថ្មីមួយ>> នៅក្នុងទំនាក់ទំនងមានអាយុ ៧៦ឆ្នាំមកនេះរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តយោធាជិតស្និទ្ធ នឹងគ្នាបំផុតមួយនៅលើពិភពលោក។ ក៏ប៉ុន្តែ វាមិនមែនជា <<ផ្លូវបំបែក>> នៃទំនាក់ទំនងរវាងប្រទេសទាំង២នោះទេ។ ម្យ៉ាងក្រៅតែពីគ្រាប់បែក រដ្ឋបាលលោក បៃដិននៅតែបន្តបញ្ជូនអាវុធដទៃទៀត មួយផ្នែកធំទៅឱ្យអ៉ីស្រាអែលដដែល ហើយម្យ៉ាងវិញទៀត ក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថាមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ជុំវិញការផ្គត់ផ្គង់ គ្រាប់បែកដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពស្រពេចស្រពិល។ នៅពីក្រោយការគំរាមឈប់បញ្ជូនគ្រាប់បែក ច្បាស់ណាស់លោក បៃដិនសង្ឃឹមថាអាចជំរុញឱ្យ លោក ណេតាន់យ៉ាហ៊ូ បោះបង់ចោល ផែនការវាយលុកថ្មើរជើងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សាជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងជ្រកកោន។ លោក បៃដិនបានបង្ហាញជំហរជំទាស់នឹងប្រតិបត្តិការ យោធាទ្រង់ទ្រាយធំក្នុងទីក្រុងមួយនេះ ដោយបារម្ភខ្លាចក្រែងថាជនស៊ីវិលអាចនឹងស្លាប់ ឬរងរបួសដោយសារតែគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក។

លោក បៃដិន កាលពីថ្ងៃពុធ ទី៨ ខែឧសភា បាននិយាយថាលោកក៏អាចនឹងបញ្ឈប់ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ដែលអាចត្រូវបានអ៉ីស្រាអែលប្រើប្រាស់ក្នុងការវាយលុកលើទីក្រុង Rafah ផងដែរ។ <<ខ្ញុំបានបញ្ជាក់ច្បាស់ៗប្រាប់ Bibi និងគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមអ៉ីស្រាអែលថា ពួកគេនឹងមិនទទួលបានការគំាទ្ររបស់យើងឡើយ ប្រសិនបើពួកគេវាយលុកចូលទីក្រុង ប្រជុំជនមួយនេះ (Rafah)​>>។ នេះជាការព្រមានរបស់លោក បៃដិន ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដោយចង់សំដៅលើលោក ណេតាន់យ៉ាហ៊ូ ដែលមានឈ្មោះហៅក្រៅថា Bibi។ ក្នុងកិច្ចសម្ភាសន៍នោះ លោក បៃដិន ថែមទាំងបានទទួលស្គាល់ទៀតផងថាពិតជាមានជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីន បានស្លាប់ដោយសារគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក ពិតមែន។ ផែនការរបស់អ៉ីស្រាអែល ក្នុងការវាយលុកចូលទីក្រុង Rafah បានក្លាយជាប្រភពនៃភាពតានតឹងរវាងលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ អស់រយៈពេលជាច្រើនខែមកហើយ។ ក្នុងពេលដែលអាមេរិកជំទាស់ អ៉ីស្រាអែលវិញនៅតែប្រកាន់ជំហរដាច់ខាតថាត្រូវតែធ្វើប្រតិបត្តិការយោធាក្នុងទីក្រុងមួយនេះ ដើម្បីសម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។

ភាពតានតឹងជុំវិញផែនការវាយលុកទីក្រុង Rafah បានឡើងកម្ដៅកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រោយមានសេចក្ដីរាយការណ៍ថាលោក ណេតាន់យ៉ាហ៊ូ និងគណៈរដ្ឋមន្ត្រី កិច្ចការសង្រ្គាមរបស់លោក កាន់តែកៀកនឹងការសម្រេចចិត្តបើកប្រតិបត្តិវាយលុក Rafah បើទោះជាសហរដ្ឋអាមេរិកជំទាស់ក៏ដោយ។ តាមមន្ត្រីរដ្ឋបាលលោក បៃដិនម្នាក់ដែលត្រូវបាន ដកស្រង់សម្ដីដោយកាសែតអាមេរិក New York Times សហរដ្ឋអាមេរិកបានចាប់ផ្ដើមត្រួតពិនិត្យឡើងវិញលើការផ្គត់ផ្គង់អាវុធកាលពីខែមេសាកន្លងទៅ ដែលនឹងត្រូវបានអ៉ីស្រាអែល ប្រើប្រាស់ក្នុងប្រតិបត្តិការយោធា ហើយលោក បៃដិនផ្ទាល់បានចុះហត្ថលេខាផ្អាកការបញ្ជូនគ្រាប់បែកកាលពីសប្ដាហ៍មុន។ លោក Cliff Kupchan ជាប្រធានក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយ Eurasia Group បាននិយាយថា <<ការសម្រេចចិត្តបែបនេះមានន័យថាលោក បៃដិន បានសម្រេចចិត្តប្រើប្រាស់ឥទ្ធិពលតែមួយគត់ ដែលលោកមានចំពោះលោក ណេតាន់យ៉ាហ៊ូ នោះគឺផ្អាកការផ្គត់ផ្តង់អាវុធ>>។ តាមអ្នកជំនាញរូបនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងស្ថិតក្នុងចំណុចទាបមួយ តែលោក បៃដិន ក៏គ្មានជ្រើស ច្រើនទៀតនោះដែរ ពីព្រោះសង្រ្គាមហ្កាហ្សាកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សាមគ្គីភាពនៅក្នុងគណបក្សប្រជាធិបតេយ្យ និងជាពិសេស គឺមុខមាត់របស់សហរដ្ឋអាមេរិកលើឆាកអន្តរជាតិ។

តាមពិតទៅ រដ្ឋបាលលោក បៃដិន មានបំណងប្រើប្រាស់ការផ្អាកការបញ្ជូនគ្រាប់បែកជាការបញ្ជូនសារស្ងាត់ៗទៅឱ្យអ៉ីស្រាអែល ដោយមិនចង់ប្រកាសវាជាសាធារណៈនោះទេ។ ប៉ុន្តែ អ៉ីស្រាអែលទៅវិញទេដែលបង្ខំឱ្យលោក បៃដិន ជ្រើសរើសផ្លូវមួយនេះ។ អ៉ីស្រាអែលមិនបានអើពើនឹងការទទូចសុំម្ដងហើយម្ដងទៀតពីលោក បៃដិន ទេ និងបានបង្គាប់ឱ្យជនស៊ីវិលប៉ាឡេស្ទីន ១១០ ០០០នាក់ក្នុងទីក្រុង Rafah ជម្លៀសខ្លួនចេញ បើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនៅតាមជាយទីក្រុង បញ្ជូនរថក្រោះចូលក្នុងទីក្រុងនេះ និងដណ្ដើមគ្រប់គ្រងច្រកព្រំដែន រវាងទីក្រុង Rafah និងព្រំដែនអេហ្ស៉ីប។ ទោះជាសកម្មភាពទាំងនេះមានទ្រង់ទ្រាយតូច និងមិនមែនជាការចាប់ផ្ដើមការវាយលុកក៏ដោយ តែវានៅតែជាក្ដីកង្វល់ដ៏ធំសម្រាប់សេតវិមាន។ សម្រាប់ អ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ា លោក Elliott Abrams មកពីវិទ្យាស្ថាន Council on Foreign Relations មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បើមិនមានកិច្ចព្រមព្រៀងណាមួយទេ នោះអ៉ីស្រាអែលនឹងវាយលុកចូលទីក្រុង Rafah ដែលអាចនឹងបង្កជាភាពតានតឹងកាន់តែខ្លាំងក្នុងទំនាក់ទំនងរវាងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។

ស្រដៀងគ្នានេះដែរ លោក Cliff Kupchan យល់ថាទិសដៅនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល គឺវានឹងអាស្រ័យថាតើនឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ នោះគឺប្រសិនបើ លោក ណេតាន់យ៉ាហ៊ូ មិនព្រមស្ដាប់តាមលោក បៃដិន ដោយនៅតែចចេសវាយលុកចូលទីក្រុង Rafah នោះការទាស់ទែងគ្នាអាចស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ តែបើមេដឹកនាំទាំង២ នៅតែបន្ត ប្រឈមមុខដាក់គ្នា នោះវាអាចនឹងនាំទៅរកការបញ្ឈប់ការផ្គត់ផ្គង់អាវុធទ្រង់ទ្រាយធំជាងមុន ដែលនេះនឹងជះផលអាក្រក់រយៈពេលវែង។

គួរបញ្ជាក់ថា ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក អ៉ីស្រាអែលគឺជាសម្ព័ន្ធមិត្តដែលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិកច្រើនជាងសម្ព័ន្ធមិត្តណាៗទាំងអស់របស់វ៉ាស៊ីនតោន នៅលើពិភពលោក។ គិតត្រឹមឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់អ៉ីស្រាអែល ១៥៨ពាន់លានដុល្លារ ចាប់តាំងពីអ៉ីស្រាអែលបង្កើតជាប្រទេសមក ហើយក្នុងចំណោមជំនួយទាំងនេះ មាន ១២៤.៣ពាន់លានដុល្លារ ជាជំនួយសម្រាប់យោធាអ៉ីស្រាអែល និងប្រព័ន្ធខែលមីស៊ីលការពារដែនអាកាស។ នេះបើតាមរបាយការណ៍របស់សេវាស្រាវជ្រាវនៃសភាទាំង២របស់ សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ នៅក្រោមកិច្ចព្រមព្រៀងមួយមានរយៈពេល១០ឆ្នាំ ចុះហត្ថលេខាដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចផ្ដល់ ជំនួយយោធា ៣.៨ពាន់លានដុល្លារក្នុងមួយឆ្នាំឱ្យអ៉ីស្រាអែល ដោយមិនរាប់បញ្ចូលកញ្ចប់ជំនួយបន្ថែម ១៥ពាន់លានដុល្លារ ដែលត្រូវបានសភាអាមេរិកអនុម័តកាលពីខែមេសា និងចុះហេត្ថលេខា ដោយលោក បៃដិននោះទេ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...