សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៤ខែ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគ១២៨ ទុនវិនិយោគជាង ២.៥ពាន់លានដុល្លារ បង្កើតការងារ ១៣ម៉ឺនកន្លែង​ និងទើបឯកភាពគម្រោងថ្មី១៤ ទុន ៤៨០លានដុល្លារ (Video inside)

Posted By: RoogRog Robot | 09-May-2024 19:41:35

2024-05-09 06:39pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារ ដោយអាចបង្កើតការងារបានជាង ១៣ម៉ឺនកន្លែង។

សម្តេចធិបតីបានបញ្ជាក់ថា គម្រោងវិនិយោគទាំងនេះ គឺជាសមិទ្ធផលនៃការខិតខំរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងរួមគ្នាទាក់ទាញអ្នកវិនិយោគមកកម្ពុជា ដែលសម្តេចតែងតែមានប្រសាសន៍ថា <<ដើរទាក់ម៉ូយ>> នាពេលកន្លងមក។

សម្តេចបន្ថែមថា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចទើបតែចុះហត្ថលេខាផ្តល់គោលការណ៍ឯកភាព លើគម្រោងវិនិយោគចំនួន ១៤គម្រោង ដែលមានទុនវិនិយោគ ៤៨០លានដុល្លារ នេះជាលទ្ធផលដែលកម្ពុជាទទួល និងមានបន្តបន្ទាប់ថែមទៀត។

ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញ​ជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា <<នេះហើយជាអ្វីដែលយើងបានខិតខំរួមគ្នា ដើម្បីផ្សព្វផ្សាយកម្ពុជាយើង រួមគ្នាដើម្បីបង្កើតនូវការទុកចិត្តពីអ្នកវិនិយោគ ទាំងអ្នកវិនិយោគដែលនៅស្រាប់ និងទាំងវិនិយោគដែលមកថ្មី ហើយនេះក៏ជាសមិទ្ធផលក្នុងរយៈពេល ៨ខែ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺលទ្ធផលនៅលើដីជាក់ស្តែង ជូនប្រជាពលរដ្ឋរបស់យើង>>។

សម្តេចធិបតីបានបន្ថែមទៀតថា អភិក្រមនៃការវិនិយោគរបស់កម្ពុជា គឺប្រើអភិក្រមចំនួន២ រក្សាចាស់ ពង្រីកថ្មី ដោយទន្ទឹមនឹងការទាក់ទាញវិនិយោគថ្មីមកវិនិយោគកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ធ្វើសកម្មភាពដើម្បីលើកស្ទួយ បង្កលក្ខណៈងាយស្រួល ឱ្យវិនិយោគដែលមានស្រាប់ មានលទ្ធភាពបន្តជោគជ័យ និងពង្រីកលទ្ធភាពរបស់ខ្លួនថែមទៀត ដូចជាពាក្យខ្មែរតែពោលថា <<រក្សាចាប៥ក្នុងដៃ ប្រសើរជាងចាប ២០នៅក្នុងព្រៃ និងយកលលកធ្នាក់ ទាក់លលកព្រៃ>>៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...