បុរសម្នាក់ប្តឹងលោក ម៉ៅ ស៊ីណា អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធការកាត់ក្តីរឿងរបស់ខ្លូនមានភាពលម្អៀង

Posted By: RoogRog Robot | 09-May-2024 15:59:13

2024-05-09 02:40pm

(ភ្នំពេញ)៖ លោក អ៊ុង សួនរស្មី ហៅ ឡាច ម៉េងលី ស្នាក់នៅផ្ទះលេខ៩E0 ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោក ម៉ៅ ស៊ីណា ជាអតីតចៅក្រមម្នាក់នៅសាលាដំបូងរាជធានីភ្នំពញ និងបច្ចុប្បន្នជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទៅកាន់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយសារលោកមើលឃើញថាការកាត់ក្តីរបស់ចៅក្រម ពាក់ព័ន្ធសំណុំរឿងរបស់ខ្លួនមានភាពលម្អៀង ទៅខាងភាគីម្ខាងទៀត ដែលលោកមិនអាចទទួលយកបាន។

យោងតាមពាក្យបណ្តឹងរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក អ៊ុង សួនរស្មី បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឈ្មោះ ហេង ពៅ ដែលជាដើមចោទបានប្តឹងលោកទៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកដើមចោទបានដាក់ពាក្យសុំកែតម្រូវពាក្យបណ្តឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងតបនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

រឿងក្តីនេះត្រូវបានប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រគល់សិទ្ធិអំណាចឲ្យចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ជាចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងលេខ ១៤៩៧ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅពេលដំណើរការរឿងក្តី ចៅក្រមរូបនេះ បានមានទំនាក់ទំនងជាមួយដើមចោទឈ្មោះ ហេង ពៅ យ៉ាងជិតស្និទ្ធិ ហើយពួកគេទាំង២នាក់ បានលេងល្បែងតុងទីនជាមួយគ្នា។

ដោយសារដឹងថាចៅក្រម និងដើមបណ្តឹងបណ្តឹងមានទំនាក់ទំនងគ្នាជិតស្និទ្ធិបែបនេះ លោកបានដាក់ពាក្យបណ្តឹងដិតចិត្ត (សុំដូរចៅក្រម) ចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ​ដោយបានភ្ជាប់ភស្តុងតាង មួយចំនួន ប៉ុន្តែត្រូវបានសាលាដំបូងរាជធានីភ្នំពញ ច្រានចោលពាក្យបណ្តឹងលោកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម ម៉ៅ ស៊ីណា ទទួលបន្ទុកសំណុំរឿងក្តីលោក បានចេញសាលក្រមលេខ ៤០៧ <<ព>> ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយឲ្យលោកចាញ់ក្តីដោយអយុត្តិធម៌។

លោកបានបន្តថា ដោយសារតែសាលក្រមនេះបានទាញហេតុផលដោយមិនវត្តមានលោក និងមេធាវី, លោកក៏បានដាក់ពាក្យបណ្តឹងទាស់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ទៅសាលាដំបូងរាជធានីភ្នំពេ​។ ទោះបីជាមានពាក្យ បណ្តឹងទាស់ក៏ដោយ ក៏ដំណើររឿងក្តីបណ្តឹងទាស់នេះ មិនត្រូវបានដំណើរការនីតិវិធីទេ ហើយបែរជាឲ្យលោកប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមលេខ ៤០៧ <<ព>> ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ទៅវិញ។

បន្ទាប់មកសាលាឧទ្ធរណ៍ បានចេញសាលដីកាចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយតម្កល់ទុកសាលក្រមលេខ ៤០៧ <<ព>> ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល។ បន្ទាប់មក តុលាការកំពូលក៏បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍ទុកជាបានការដដែល។ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការកំពូល ដោយសារតែតុលាការទាំងពីរថ្នាក់ បានផ្អែកសាលក្រមលេខ ៤០៧ <<ព>> ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

ដើមបណ្តឹងបន្តថា ចំពោះភស្តុតាងដែលលោកបានដាក់ជូនសាលាដំបូង ក្នុងពេលដែលលោកបានប្តឹងដិតចិត្ត, សាលាដំបូងមិនបានយកចិត្តទុកដាក់ពិនិត្យលើភស្តុតាងដែលបញ្ជាក់ថា ចៅក្រមរូបនេះ មានការពាក់ព័ន្ធទៅនឹង ការលេងតុងទីនជាមួយគ្នា ដែលបង្កើតឲ្យមានភាពជិតស្និទ្ធិជាមួយគ្នា​។

ដោយសារតែជួបរឿងអយុត្តិធម៌យ៉ាងដូច្នេះ លោកសម្រេចចិត្តដាក់ពាក្យប្តឹងជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសុំស្វែងរកការពិតនឹងដាក់ពិន័យ ឬទណ្ឌកម្មចំពោះបុគ្គលដែលបានប្រព្រឹត្តខុសនឹងច្បាប់ ដើម្បីឲ្យសង្គមមានជំនឿលើប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោក អ៊ុង សួនរស្មី៖





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...