សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រកាសទទួលស្គាល់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានកិត្តិយស និងប្រមូលថវិកាបានជាង៦៥ម៉ឺនដុល្លារពីសប្បុរសជន ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌

Posted By: RoogRog Robot | 08-May-2024 22:54:30

2024-05-08 09:50pm

(កំពង់ចាម)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសទទួលស្គាល់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធានកិត្តិយស អមជាមួយអនុប្រធានកិត្តិយសជាច្រើនរូបទៀត ព្រមជាមួយការរៀបចំពិធីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ដោយទទួលបានថវិកាប្រមាណ៦៥ម៉ឺនដុល្លារ ពីសប្បុរសជនដែលចូលរួមបរិច្ចាគដើម្បីប្រើប្រាស់លើការងារមនុស្សធម៌។

ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី អនុប្រធានកិត្តិយស ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស និងសប្បុរសជនជាច្រើនរូបទៀត។

តាមរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុនចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានឲ្យដឹងថា ៤ឆ្នាំនេះ សាខាបានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ រន្ទះបាញ់ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ បានចំនួន ៧៤៨គ្រួសារ និងបានឧបត្ថម្ភថវិកា១០,០០០ដុល្លារ ដល់ជនរងគ្រោះ រលំបាក់អគារ នៅខេត្តកំពត កាលពីឆ្នាំ ២០២០។

ក្រៅពីនេះបានដឹកនាំសហការចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយ ស្តីពីការចូលរួមលើកកម្ពស់សុវត្ថិ ភាពចរាចរណ៍ផ្លូវគោក តាមគោលដៅស្តុបនានា ក្នុងក្រុងកំពង់ចាម ព្រៃឈរ និងស្រុកជើងព្រៃ ក្នុងឱកាស ថ្ងៃបុណ្យជាតិ សំខាន់ៗ សរុបចំនួន ៣៧លើក មានអ្នកទទួលផល ដោយផ្ទាល់៩៨,១៥៤នាក់។ ដោយឡែកលើការងារសុខភាព និងការថែទាំសុខភាព សហគមន៍វិញ ក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ ថ្នាក់សាខា បានសហការរៀបចំ ទិវាសុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ-ទិវា ឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺ អេដស៍១ធ្នូ ការរៀបចំ សម្ពោធសំណង់អនាម័យ ទឹកស្អាត តាម សាលារៀនគោលដៅទាំង៧ក្នុងស្រុក៥ (កងមាស កំពង់សៀម ព្រៃឈរ ចំការលើ និងស្ទឹងត្រង់) រួមជាមួយការចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍មានអ្នកចូល រួមសរុប៧៨៩នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បាននាំព្រះរាជបណ្តាំផ្ញើរសួរសុខទុក្ខរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយកាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូល និងបានកោតសរសើរចំពោះ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដែលតែងតែសកម្ម ក្នុងការបំពេញភារកិច្ច មនុស្សធម៌ ជួយសម្រាលការលំបាក របស់ បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ បានឆាប់រហ័ស ទាន់ពេលវេលា ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ស្របតាមទិសវិមជ្ឈការ និង វិសហមជ្ឈការស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ដោយឡែក លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវទំនុកចិត្ត ក៏ដូចជាបានផ្ដល់នូវឱកាសឲ្យរូបលោកបានបំពេញបេសកកម្ម មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងសង្គមជាតិជាពិសេស ក្នុងខេត្តកំពង់ចាម។

លោកសន្តិបណ្ឌិត នេត សាវឿន បានបង្ហាញនូវសេចក្តីគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានខិតខំបំពេញសកម្មភាព មនុស្សធម៌យ៉ាងផលផុស មិនខ្លាចនឿយហត់ ប្រកបដោយទឹកចិត្តមោះមុត សណ្ដុះប្រណី រួមចំណែក ជួយសម្រួលទុក្ខលំបាក ដល់ជនងាយរងគ្រោះ និងជនរងគ្រោះ គ្រប់ទីកន្លែង ដែលបានជួបវិបត្តិដូចជា៖ គ្រោះមហន្តរាយ ជំងឺឆ្លងរាតត្បាត និងវិបត្តិនានា។

លោកអះអាងថា កាកបាទក្រហមកម្ពុជាតែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល បំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចូលរួមកាត់បន្ថយអត្រាក្រីក្រ លើកកម្ពស់សុខមាលភាព និងកម្រិតជីវភាព និងដោះស្រាយទាន់ពេលចំពោះ បញ្ហារជាយថាហេតុនានា ដែលទាំងអស់នេះ ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងជាតិ និងអន្ដរជាតិ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួនក្នុងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ហើយលោកសង្ឃឹមថា កាយវិការដ៏សប្បុរសនេះនឹងបន្ដជាប់ជានិច្ចនិរន្ដរ៍តទៅ៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...