រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ឱ្យខិតខំអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាព

Posted By: RoogRog Robot | 08-May-2024 20:21:05

2024-05-08 07:19pm

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​និងជា​ប្រធានគណ:កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវខិតខំប្រឹងប្រែងថែមទៀត ក្នុងការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) ឱ្យមានប្រសិទ្ធភាព និងសម្រេចជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ការស្នើរបស់លោកឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបែបនេះ ដោយសារតែយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ​២០២៤​នេះ មានស្ថានភាពដូចគ្នា នឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយ។ ហេតុការណ៍​គ្រោះថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាល​​ឱ្យ​ស្លាប់​ចំនួន៣៨៧នាក់ និងរបួសចំនួន ១ ០៨៤ នាក់ ដែល​គិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួនលើ៤នាក់ និង​របួស​ចំនួន​១២នាក់។

ថ្លែងក្នុងទិវាសប្តាហ៍ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកលើកទី១៥ ដែលបានប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋានវាលបែកចាន​ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការរៀបចំពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្ត​កម្ម​វិធី​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា​ ក្នុងការ​បំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ​ក៏ដូច​ជា​ការសម្ដែងឆន្ទ:ក្នុងការ​ចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តន៍ឱ្យបានជោគជ័យនូវផែន​ការ​​សកម្មភាពទសវត្ស​រ៍សុវត្ថិ​ភាព​ចរា​ចរណ៍ផ្លូវ​គោក​ឆ្នាំ២០២១ ​ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា ការប្រារឰទិវាសប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍លើកទី១៥នេះ ក៏ជាការផ្ញើសារណែនាំ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ ​ជូនចំពោះអ្នក​ប្រើប្រាស់​ផ្លូវទាំងអស់ត្រូវចងចាំថា មានតែការ​ខិត​ខំ​​យកអស់​ស្មារតី​ទទួលខុសត្រូវ​ចូលរួម​គោរ​ព​​ច្បាប់ ស្តីពីចរាចរណ៍​ផ្លូវ​គោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌​យោគ​យល់​អាធ្យាស្រ័យ ចេះស្រឡាញ់​ជីវិត​ខ្លួនឯង និងអ្នកដទៃ នោះទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និង​ទទួល​បាន​នូវសេចក្តី​សុខ​សុវត្ថិភាព​ជា​និច្ចនិរន្តរ៍។​លោកបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេស​ជាតិ​មាន​សុខ​សន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ តម្រូវការនៃការដឹកជញ្ជូន និង​ការធ្វើចរាចរណ៍​តាម​ផ្លូវ​គោក​នៅទូទាំងប្រទេសកាន់តែមមាញឹក ព្រមជាមួយកំណើនយានយន្តបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយ​នេះ បញ្ហាប្រឈមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបង្កផលប៉ះពាល់ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋ ទ្រព្យ​សម្បត្តិ និងការខាតបង់សេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះដែរ លោកអភិសន្តិបណ្ឌិតក៏បានអំពាវ​នាវដល់​អ្នកប្រើ​ប្រាស់​ផ្លូវទាំងអស់ និង​ក្រុមហ៊ុន​​ដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ យកចិត្ត​ទុក​ដាក់បើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវយកអស់ស្មារតីអនុវត្តន៍​វិធាន​ការ​សំខាន់ៗ​មួយចំនួន រួមមាន ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៨. ត្រូវប្រកាន់ស្តាំជានិច្ច ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និង១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។

លោក ឧបនាយករដ្ឋមន្រ្ដីក៏ បានធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ នោះទើបធ្វើឱ្យចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច។

ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី បានកោតសរសើរដល់​អគ្គ​លេខា​ធិការ​ដ្ឋាននៃគ.ស.ច.គ និងអនុ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលបានរៀបចំ​ទិវាសប្ដាហ៍​ជាតិសុវត្ថិភា​ពចរាចរណ៍​ផ្លូវគោក​លើក​ទី១៥ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍របស់សកលលោកប្រព្រឹត្តទៅដោយជោគជ័យ។

សូមជម្រាបជូនថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥នេះ បានសហការ​រៀបចំ​ឡើង​ដោយ អគ្គ​លេខា​ធិការ​​ដ្ឋាន​នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវគោក​ខេត្តបាត់ដំបង។

ទិវាសប្ដាហ៍ជាតិសុវត្ថិភាព​ចរា​ចរណ៍​ផ្លូវ​គោកនេះ ជាព្រឹត្តិការណ៍​ផ្តួច​​ផ្តើម​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែលបាន​​កំណត់យកខែឧសភា​ រៀងរាល់​ឆ្នាំ ប្រារព្ធឡើង​នៅតាម​ប្រទេសនានា​​ទូទំាងសកលលោក ដើម្បីជា​ការ​ក្រើន​រំលឹក​ដល់​ប្រជា​ពល​រដ្ឋនៅ​ទូទាំង​​ពិភព​លោក ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិកដែលរួម​ទាំង​​ប្រទេស​​កម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...