តុលាការផ្ដន្ទាទោសលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ ដាក់ពន្ធនាគារ១ឆ្នាំ ៦ខែ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ

Posted By: RoogRog Robot | 08-May-2024 19:12:55

2024-05-08 06:08pm

(ភ្នំពេញ)៖ លោក ធន់ ដារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព វិស័យទេសចរណ៍ (CTSWF) ដាក់ពន្ធនាគារកំណត់ចំនួន ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល ពីបទ <<ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ>> ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងសម្រេចបង្គាប់ឱ្យចាប់ និងឃុំខ្លួនជននេះ។

តាមរយៈដីកាសម្រេចរបស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដូច្នេះ គប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនពិរុទ្ធជនឈ្មោះ ម៉ម រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ តាមបញ្ញត្តិ នៃមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​Fresh News នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ថា កាលពីម្សិលមិញ ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលទទួលផែនការងារសន្តិសុខ បានចុះទៅឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី មុខរបប ជាប្រធានសហព័ន្ធសហជីព វិស័យទេសចរណ៍ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ក្រោយការចាប់ខ្លួន, បុគ្គលឈ្មោះ ម៉ម រិទ្ធី ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...