កម្ពុជា និងកាតា ឯកភាពគ្នាការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ

Posted By: RoogRog Robot | 08-May-2024 19:06:37

2024-05-08 06:04pm

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោក ខាលីដ អាលី អាប់ឌុលឡា អាប៊ែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងកាតា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០០៨ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានឯកភាពលើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលវេទិកានេះនឹងបម្រើ ជាកម្លាំងចលករប្រកបដោយប្រសិទ្ធភាពមួយ ក្នុងការស្វែងរកមធ្យោបាយបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវសោមនស្សដោយស្មោះ និងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ពីលោក ហ្សេក មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល់-ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសនៃរដ្ឋកាតា តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ នាពេលឆាប់ៗខាងមុខ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...