រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្តើមដំណើរការវគ្គគាំទ្រសាលារៀន លោគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ជាវិស្វករច្នៃព្រលឹង លើការបណ្តុះបណ្តាលធនធានមនុស្ស

Posted By: RoogRog Robot | 08-May-2024 18:56:08

2024-05-08 05:53pm

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្តើមដំណើរការវគ្គគាំទ្រសាលារៀន លោគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ជាវិស្វករច្នៃព្រលឹង លើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមវត្តមានលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាយក នាយិការសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស ប្រមាណជាង៤០០នាក់ចូលរួម។

ក្នុងកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ខេត្តសៀមរាប មានសាលារៀន សរុប ១ពាន់៤៧០កន្លែង សិស្សចំនួន៣០៨ពាន់៣៧៧នាក់ ស្រី១៥៥ពាន់ ២៨៣នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

លោក ពេជ សោភ័ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.អ.) ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន គ.វ.អ។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ ក៏ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារ ការងារ។

លោក ពេជ សោភ័ន បានបន្តថា នេះជាការចាប់ផ្តើងយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសកម្ម ភាពនៃការអនុវត្តវិធានការគន្លឹះពិសេស សកម្មភាពនៃវគ្គចុះគាំទ្រសាលារៀនគោលដៅ ដែលបានចាប់ផ្តើមដំបូងគេនៅ រាជធានីភ្នំពេញកាលពីពេលថ្មីនេះ នឹងអនុវត្តបន្តនៅតាមបណ្តាខេត្តចំនួន ៨ទៀតបន្ទាប់ពីរាជធានីភ្នំពេញ ក៏មានខេត្តសៀមរាប ជាគោលដៅទី២ផងដែរ។ លោកបន្តថា គ្រូ សាស្ត្រាចារ្យគឺជា វិស្វករ កែច្នៃព្រលឹង ក្នុងការបណ្តុះបណ្តានធនធានមនុស្ស ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងចលនាគាំទ្រសាលារៀន ដើមី្បអនុវត្តវិធានការគន្លឹះក្នុង វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធាន គ.វ.អ បានចាប់ផ្តើមនាពេលនេះ នៅខេត្តសៀមរាប។

លោកបានបញ្ជាក់ថា លេខាធិការដ្ឋាននេះដើរតួនាទីជាសេនាធិការរបស់ គ.រ.អ.ក្នុងគោលបំណងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំតាមរយៈការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។ រចនាសម្ព័ន្ធលេខាធិការដ្ឋាន គ.វ.អ រួមមានផ្នែកចំណុះចំនួន ០៤ ៖ ផ្នែកគោលនយោបាយ ផ្នែកគាំទ្រសាលារៀន ផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ។

លោកបានបន្តថា រដ្ឋលេខាធិការដ្ឋាន បានកំណត់វិសាលភាពអនុវត្តភារកិច្ចនៅដំណាក់កាលដំបូង ដែលផ្តោតលើការជួយគាំទ្រដល់សាលារៀននៅកម្រិតបឋមសិក្សា និងបានជ្រើសរើសសាលាបឋមសិក្សា គោលដៅចំនួន ៤២សាលា ផ្អែកលើគោលការណ៍ស្ម័គ្រចិត្តចូលរួមអនុវត្តវិធានការគន្លឹះដែលមានទីតាំង ស្ថិតនៅតាមរាជធានី ខេត្តចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម តាកែវ ព្រៃវែង កោះកុង និងសៀមរាប ហើយសាលាគោលដៅទាំង៤២នេះ ខេត្តសៀមរាប ក៏មានសាលាគោលដៅចំនួន៥ផងដែរ។

លោកបានបន្តទៀតថា ដើមី្បជម្រុញឲ្យយុទ្ធនាការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកនូវវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន ០៤ ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស យកចិត្តទុកដាក់លើសុខភាពសិក្សា តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ដោយចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ធានានូវសុខភាពល្អប្រសើរ និងជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក (ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ)។

លោក ពេជ សោភ័នក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ លោកនាយក នាយិការ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមសហ ការឲ្យបានល្អ ក្នុងការអនុវត្តសកម្មភាពចុះគាំទ្រសសាលារៀនគោលដៅដែលបានជ្រើសរើស ដើម្បីបណ្តុះ និងលើកកម្ពស់សមត្ថភាព ស្មារតី និងការចូលរួមរបស់នាយកសាលា គ្រូបង្រៀន និងសហគមន៍ ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាពខ្ពស់ និងសមិទ្ធផលល្អ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...