រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ត្រៀមខ្លួនជជែកជាមួយប្រធានធនាគារកណ្តាល អំពីគោលនយោបាយ

Posted By: RoogRog Robot | 08-May-2024 18:49:50

2024-05-08 05:45pm

(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលទើបតែងតាំងថ្មីរបស់ប្រទេសថៃ បាននិយាយនៅសប្តាហ៍នេះថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សាជាមួយទេសាភិបាលធនាគារកណ្តាលថៃ ដើម្បីជំរុញគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុឱ្យដើរក្នុងទិសដៅដូចគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីរបស់លោក Pichai Chunhavajira ខណៈថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានកាតព្វកិច្ចធ្វើការជាមួយធនាគារកណ្តាល លើការសម្របសម្រួលគោលនយោបាយ។

លោករដ្ឋមន្ត្រីដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា លោកជឿថា ទេសាភិបាលធនាគារកណ្តាលនឹងនិយាយអ្វី ដែលជាការពិតនិងដោយមានហេតុផល ហើយអ្នកទាំងពីរគួរតែអាចធ្វើការជាមួយគ្នាបាន។

ការអត្ថាធិប្បាយរបស់លោក Pichai បានកើតមានឡើងក្នុងគ្រាមានការខ្វែងគំនិតគ្នា រវាងរដ្ឋាភិបាលថៃ និងធនាគារកណ្តាលថៃ ជុំវិញអត្រាការប្រាក់ ដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិយាយថា អត្រាការប្រាក់មានកម្រិតខ្ពស់ពេក និងប៉ះពាល់ដល់សេដ្ឋកិច្ច។

កាលពីថ្ងៃសុក្រ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពលគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បាននិយាយផងដែរថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជា <<ឧបសគ្គ>> ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលការលើកឡើងនេះគឺជាការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងជម្លោះដែលកំពុងបន្តកើតមានលើបញ្ហាអត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...