សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកាតាបើកស្ថានទូតនៅកម្ពុជា, បើកការហោះហើរត្រង់ឡើងវិញ និងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី

Posted By: RoogRog Robot | 08-May-2024 14:10:51

2024-05-08 01:07pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យប្រទេស​កាតាបើកស្ថានទូតនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតាឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រៅតែពីការស្នើឱ្យបើកស្ថានទូត សម្តេចតេជោ ក៏បានស្នើឱ្យបើកឡើងវិញការហោះហើរត្រង់រវាងកាតា និងកម្ពុជា ហើយក៏បានស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនាំទៅប្រទេសកាតាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ខាលីត អាលី អាប់ឌុលឡា អាបែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូត​ប្រទេសកាតា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមាន​ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីកិច្ចស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកឯកអគ្គរាជទូត​ថា ប្រទេសកាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាន​និវេស​ដ្ឋាននៅប្រទេសផ្សេង។ សម្តេចតេជោ ក៏បានរំលឹកដែរថា នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេលគ្រប់គ្រាន់ទទួលទូតមាននិវេសដ្ឋាននៅក្រៅ​ប្រទេស​នោះទេ តែសម្រាប់កាតាជាករណីពិសេស។

សម្ដេចតេជោ បានរំឭកថា កម្ពុជា និងកាតា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០០៨ ពេលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា យាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកឯកអគ្គរាជទូតកាតា បានធ្វើគារវកិច្ច និងពាំនាំការផ្ដាំផ្ញើសួរសុខ​ទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនសម្តេចតេជោ និង​ប្រជាជនកម្ពុជា និងសម្តែងការអបអរសាទរសម្តេចចំពោះ ដែលទទួលបាន​តួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណសម្តេចតេជោ និងបានលើកឡើងថា ជា​កិត្តិ​យស​ណាស់​ដែលលោក បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថា កាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

សម្ដេចតេជោ បានសម្តែងការអរគុណចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយក​រដ្ឋ​មន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយសម្ដេចបានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាខកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ ឯកអគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ជូន សម្ដេចទុកជាអនុស្សាវរីយ៍។

សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជា​ជាម្ចាស់​ផ្ទះនៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបាន​ចុះហត្ថ​លេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បានលើកឡើងថា កម្ពុជា និងកាតា មានកិច្ចការធ្វើច្រើន ដោយសារកាតាជាប្រទេសមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបានសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយ​ចន្ទី​ច្រើន​ជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស​បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតឱ្យនាំ​ចេញ​ទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។

ជាមួយគ្នានេះ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការ​ទំនាក់​ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ា និង​អឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ានទៅកាន់កាតាវិញ​ផង​ដែរ។

ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានពន្យល់យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាសវិនិយោគ។ លោកឯកអគ្គរាជទូត បានរំឭកថាមូលហេតុដែលលោក​មក​ទីនេះ ​ដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យ​មានដំណើរការ​ឡើងវិញ។

លោកសន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោពីកាតាមកកម្ពុជា ក៏ដូចជានាំអ្នក​វិនិ​យោគ ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិ​បត្តិការ​វិនិ​យោគ។

លោកឯកអគ្គរាជទូតបានលើកឡើងថា​លោកក៏កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យ​ថាម​ពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្ត​ហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យសិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅ​តំបន់​ផ្សេងៗ។








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...