ក្រសួងព័ត៌មានប្រកាសចែកអាវកាក់ជូនអ្នកសារព័ត៌មានជាង៤០០អាវ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល

Posted By: RoogRog Robot | 08-May-2024 13:19:29

2024-05-08 12:14pm

(ភ្នំពេញ)៖ ក្រសួងព័ត៌មានប្រកាសចែកអាវកាក់ជូនអ្នកសារព័ត៌មានជាង៤០០អាវ ដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។

អាវកាក់ចំនួនជាង៤០០នេះ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam Sardar Umar ប្រគល់ជូនដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ អាវកាក់ដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាន នៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។

លោក នេត្រ ភក្ត្រា បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈ ដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន​ បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ច ក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ លោកបាន​ថ្លែងថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា <<ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ>>។

នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Alam Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មាន ក្នុងការគាំទ្រលើការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។

ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មាន ក្នុងនោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម តាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាន និងអង្គការយូណេស្កូ ដោយមានការចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគមនិងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មាន ដើម្បីចែកចាយបន្តដល់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។

ដោយចំនួនអាវកាក់មានចំនួនកំណត់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនងនិងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានជាមុន តាមរយៈលេខទូរស័ព្ទ ០១២​​​​ ៨១៨​​ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។​

លោករដ្ឋមន្ត្រីបានថ្លែងថា ករណីមានការស្នើសុំច្រើនលើសចំនួនដែលមានលោករដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូ ដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...