ថ្ងៃស្អែក ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងចាប់ផ្តើមដោយផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងដល់យុវជន

Posted By: RoogRog Robot | 08-May-2024 13:07:57

2024-05-08 12:05pm

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវចាប់ផ្តើមហើយ ដោយមានរយៈពេល ២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗសរុបចំនួន ៥៤០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗជាច្រើន ដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗ ក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួម ក៏អាចទទួលបានគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង ដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។

លោកសែម សុផា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជ្រើសរើស និងបណ្តុះបណ្តាលធនាគារ Wing បានឱ្យដឹងថាមកដល់ពេលនេះធនាគារ Wing បានត្រៀមខ្លួនរួចរាល់ហើយដើម្បីរង់ចាំទទួលស្វាគមន៍ចំពោះបងប្អូនសាធារណជនទូទៅ ពិសេសបងប្អូនសិស្ស/និស្សិត ដែលចង់បានឱកាសការងារធ្វើជាមួយ WING។

លោកបន្ថែមថា <<ក្នុងរយៈពេល២ថ្ងៃនេះ យើងមិនត្រឹមតែនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងប៉ុណ្ណោះទេ យើងក៏មានកាដូរអនុស្សាវរីយ៍ជាច្រើនផ្តល់ជូនដល់អ្នកចូលរួមផងដែរ>>។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។

ព័ត៌មានបន្ថែម សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ៖ www.nea.gov.kh និងទំព័រហ្វេសប៊ុក៖ neakhmer (អិនអ៉ីអេ ខ្មែរ)៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...