ប្រមុខ IAEA ថានឹងបន្តកិច្ចចរចាជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់ភាពជាប់គាំងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Posted By: RoogRog Robot | 08-May-2024 11:56:25

2024-05-08 11:53am

(តេហេរ៉ង់)៖ ក្រោយត្រលប់មកពីបំពេញទស្សនកិច្ចនៅអ៉ីរ៉ង់ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា អ៉ីរ៉ង់ និងទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយនេះ នឹងបន្តកិច្ចពិភាក្សាគ្នា ដើម្បីបញ្ចប់ភាពជាប់គាំងលើបញ្ហាជាច្រើន ហើយគួរតែអាចឈានដល់ កិច្ចព្រមព្រៀងមួយស្ដីពីកញ្ចប់វិធានការមួយចំនួន <<ក្នុងពេលឆាប់ៗ>>។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានប្រឈមបញ្ហាលំបាកច្រើនជាមួយអ៉ីរ៉ង់ រួមទាំងការពិតដែលថាទីក្រុងតេអេរ៉ង់ អនុវត្តបានតែផ្នែកតូចមួយនៃសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតដែលពួកគេសម្រេចបានកាលពីខែមីនា ឆ្នាំ២០២៣ និងជំហានជាក់ស្តែងមួយចំនួនដែលត្រូវផ្អាក កាលខែមិថុនា ឆ្នាំដដែល។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុង Isfahan កាលពីថ្ងៃអង្គារសប្តាហ៍នេះជាមួយ លោក Mohammad Eslami ប្រធានទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអ៉ីរ៉ង់ លោក Grossi និយាយថា <<ពួកគេកំពុងព្យាយាមឯកភាពលើ <<វិធានការជាក់ស្តែង>> ដោយពេលនេះអ៉ីរ៉ង់ អាចទទួលយកសេចក្តីថ្លែងការណ៍រួមនោះ ជាជាងនិយាយពី កិច្ចព្រមព្រៀងថ្មី។

ដោយឡែក ក្នុងសន្និសីទសារព័ត៌មាននៅពេលត្រលប់មកទីក្រុងវីយែនវិញ លោក Grossi បានឱ្យដឹងទៀតថា <<ខ្ញុំពិតជាសង្ឃឹមនឹងទទួលបានលទ្ធផលជាក់ស្តែង ក្នុងពេលឆាប់ៗ ហើយខ្ញុំគិតថាពួកគេក៏សង្ឃឹមដូចគ្នានេះដែរ។ វានឹងល្អ ប្រសិនបើកិច្ចព្រមព្រៀងមួយអាចសម្រេចបានក្នុងពេលមួយខែ ទាន់កិច្ចប្រជុំបន្ទាប់នៃ ក្រុមប្រឹក្សាភិបាលរបស់ IAEA>>។

គួរបញ្ជាក់ថា ជារឿយៗ អ៉ីរ៉ង់ តែច្រានចោលនូវការចោទប្រកាន់ពីការផលិតអាវុធនុយក្លេអ៊ែរ។ បើតាមរបាយការណ៍ផ្លូវការមួយរបស់ IAEA អ៉ីរ៉ង់​កំពុង​បង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូមចម្រាញ់រួច​ដល់​ទៅ ៦០% ដែលចំនួននេះគឺជិត​ដល់​ប្រហែល ៩០% នៃ​កម្រិតសម្រាប់យកទៅផលិតអាវុធនុយក្លេអ៊ែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...