អ៊ុយក្រែននិយាយថា ខ្លួនបានចាប់ភ្នាក់ងាររុស្ស៉ីដែលគ្រោងធ្វើឃាតលោក Zelensky

Posted By: RoogRog Robot | 07-May-2024 22:57:21

2024-05-07 09:52pm

(គៀវ)៖ សេវាសន្តិសុខរដ្ឋរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានចាប់ខ្លួនភ្នាក់ងាររុស្ស៊ីពីរនាក់ ដែលគ្រោងនឹងធ្វើឃាតប្រធានាធិបតី លោក Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតជា <<អំណោយ>> ដល់លោកវ្ល៉ាឌីមៀ ពូទីន ខណៈដែលលោកបានស្បថចូលកាន់តំណែងអាណត្តិថ្មី នៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧​​ ខែឧសភា ឆ្នាំ២០២៤។

សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយតាមរយៈកម្មវិធី Telegram ថា បុរសទាំងពីរនាក់ ជាសមាជិកសេវាឆ្មាំការងាររអ៊ុយក្រែន ត្រូវបានជ្រើសរើសដោយសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី ហើយបានចែករំលែកព័ត៌មានសម្ងាត់ទៅកាន់ទីក្រុងម៉ូស្គូ។

សេចក្តីថ្លែងការណ៍របស់សេវាសន្តិសុខអ៊ុយក្រែនបាននិយាយថា ពួកគេបានទទួលតួនាទីក្នុងការស្វែងរកមនុស្សជិតស្និទ្ធនឹងអង្គរក្សការពារប្រធានាធិបតី Zelensky ហើយចាប់លោកធ្វើជាចំណាប់ខ្មាំង ហើយបន្ទាប់មកទើបសម្លាប់តាមក្រោយ។ ទោះជាយ៉ាងណាក៏ដោយ SBU មិនបានបញ្ជាក់ពីពេលវេលា ដែលគម្រោងនេះត្រូវបានរារាំងនោះទេ។

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ក្រុង​ម៉ូស្គូ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ កាល​ពី​ខែ​មុន នៅ​ពេល​សួរ​អំពី​ការ​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ក្នុង​ប្រទេស​ប៉ូឡូញ​ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​សហការ​ជាមួយ​ចារកម្ម​រុស្ស៊ី​ ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ស្រដៀងគ្នានេះ វិមាន​ក្រឹមឡាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។

គួរជម្រាបថា កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅនេះ លោក Zelensky បានបង្ហើបឱ្យដឹងថា កងកម្លាំងសន្តិសុខរបស់លោក ក៏ធ្លាប់បានរារាំងការប៉ុនប៉ងធ្វើឃាតជាច្រើនដងប្រឆាំងនឹងរូបលោកផងដែរ។ លោកបានបន្ថែមទៀតថា រុស្ស៉ីក៏មានផែនការដើម្បីធ្វើឃាត ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនទៀតផង៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...