រុស្ស៉ី ចាប់ខ្លួនពលរដ្ឋអាមេរិកចំនួនពីរនាក់ ក្នុងនោះមានម្នាក់ជាទាហាន

Posted By: RoogRog Robot | 07-May-2024 21:48:08

2024-05-07 08:46pm

(ម៉ូស្គូ)៖ នៅ​ថ្ងៃ​អង្គារនេះ អាជ្ញាធរ​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​អាមេរិក​ពីរ​នាក់ ដែល​ម្នាក់​ជា​ទាហាន​អាមេរិក​បំពេញ​កាតព្វកិច្ច ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដាច់​ដោយ​ឡែក​ពី​គ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

បុគ្គល​ម្នាក់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ មានឈ្មោះ Gordon Black ជា​ទាហាន​អាមេរិក​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង Vladivostok ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តិខុស និងចោរកម្ម។ ម្នាក់​ទៀត​ឈ្មោះ William Russell Nycum ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ទីក្រុង​មូស្គូ​ពី​បទ​ចោទ​ប្រកាន់​ថា​ ជា​មនុស្ស​ទុច្ចរិត។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ករណីនេះមិនមានជាប់ពាក់ព័ន្ធនយោបាយអ្វីឡើយ ហើយក៏មិនពាក់ព័ន្ធនឹងចារកម្មដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សំដីរបស់អាជ្ញាធរតំបន់ថា បញ្ហានេះហាក់ដូចជារឿង​ព្រហ្មទណ្ឌ​ធម្មតាទេ។

គួរជម្រាបថា ដំណើរការផ្លូវច្បាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ផ្នែកការទូតក្នុងរយៈពេលថ្មីៗនេះ។ ជាក់ស្តែងករណីពាក់ព័ន្ធគ្រឿងញៀនប្រឆាំងនឹងកីឡាករបាល់បោះ Brittney Griner ដែលត្រូវបានដោះលែងកាលពីឆ្នាំមុន តាមរយៈការផ្លាស់ប្តូរអ្នកទោស ព្រមទាំងករណីចារកម្មពាក់ព័ន្ធ នឹងអ្នកយកព័ត៌មានរបស់ការសែត Wall Street Journal ជាដើម៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...