តុលាការកំពូល ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងឈ្មោះ អឿម ខ្មើ ក្រោយមានការចែកចាយតាមបណ្តាញសង្គមថាអយុត្តិធម៌

Posted By: RoogRog Robot | 07-May-2024 20:46:17

2024-05-07 07:43pm

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បណ្តាញទំនាក់ទំនងសង្គម បានបង្ហោះឃ្លីបវីដេអូមួយ និងមានការចែកចាយតៗគ្នា ក្រោមការចោទប្រកាន់ថា តុលាការបានចាត់ការសំណុំរឿងរបស់ឈ្មោះ អឿម ខ្មើ ដោយអយុត្តិធម៌។

អ្នកនាំពាក្យតុលាការកំពូល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា តុលាការកំពូលបានទទួលចាត់ការសំណុំរឿងរបស់ឈ្មោះ អឿម ខ្មើ និងឈ្មោះ ហេង សន ដោយផ្អែកលើកិច្ចសន្យារបស់គូភាគី ព្រមទាំងភស្តុតាងនានានៅក្នុងសំណុំរឿង។

តាមកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ របស់គូភាគី ភាគីអ្នកលក់មានឈ្មោះ សួស វិបុល ហើយភាគីអ្នកទិញមានឈ្មោះ ហេង សន (កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ១០០៧៥៤៧១៦) រីឯឈ្មោះ អឿម ខ្មើ ជាអ្នកកាន់កាប់ និងប្រើប្រាស់ផ្ទះ។ ផ្ទះនេះមានតម្លៃ ៧៥,០០០ដុល្លារ ហើយត្រូវបង់ជាពីរដំណាក់កាល គឺ៥៥,០០០ដុល្លារ នៅថ្ងៃចុះកិច្ចសន្យា ហើយនៅសល់ ២០,០០០ដុល្លារទៀត ត្រូវបង់បង្គប់តាមក្រោយ។

យោងតាមលិខិតប្រគល់/ទទួលប្រាក់ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គឺលោក ហេង សន ជាអ្នកប្រគល់ប្រាក់ថ្ងៃទិញចំនួន ៥៥,០០០ដុល្លារ តែម្នាក់ឯងគត់ ដូចមានចែងក្នុងចំណុចទី២ នៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ផងដែរ។ ចំពោះប្រាក់ ២០,០០០ដុល្លារទៀត តុលាការវិនិច្ឆ័យដោយផ្អែកលើភស្តុតាងនានាផ្សេងទៀតរបស់គូភាគី ព្រមទាំងផ្អែកលើគោលការណ៍សមធម៌ផងដែរ ដោយប្រគល់ប្រាក់ជូនឈ្មោះ អឿម ខ្មើ ចំនួន១០,០០០ដុល្លារ និងលុបចោលសំណងចំនួន១០លានរៀល ដែលសាលាឧទ្ធរណ៍សម្រេចឱ្យគាត់សងទៅឈ្មោះ ហេង សន ទៀតផង។

ភស្តុតាងដូចមានសំអាងហេតុក្នុងសាលក្រមរបស់សាលាដំបូង សាលដីការបស់សាលាឧទ្ធរណ៍ និងសាលដីការបស់តុលាការកំពូល អាចកំណត់បានថា ឈ្មោះ អឿម ខ្មើ ពុំអាចក្លាយជាកម្មសិទ្ធិករលើផ្ទះទំនាស់ខាងលើបានទេ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...