ម៉ាឡេស៉ី ច្រានចោលសំណើដកក្រុមហ៊ុនអាវុធបរទេស ដែលផ្គត់ផ្គង់ឱ្យអ៉ីស្រាអែលចេញពីពិព័រណ៍ ក្នុងទីក្រុងគូឡាឡាំពួ

Posted By: RoogRog Robot | 07-May-2024 18:05:42

2024-05-07 05:03pm

(គូឡាឡាំពួ)៖ ម៉ាឡេស៉ី បានច្រានចោលនូវសំណើរបស់ក្រុមគាំទ្រប៉ាឡេស្ទីន និងអ្នកនយោបាយមួយចំនួន ដើម្បីដកក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែល ចេញពីពិព័រណ៍ការពារជាតិ ដែលរៀបចំឡើងក្នុងទីក្រុងគូឡាឡាំពួ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ ២០២៤។

លោក Mohamed Khaled Nordin រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៉ី បាននិយាយថា ទំនាក់ទំនងក្នុងចំណោមក្រុមហ៊ុនការពារជាតិ ទូទាំងពិភពលោកជាមួយនិងបណ្តាប្រទេសនានា គឺជាបញ្ហាអាជីវកម្ម ដែលម៉ាឡេស៉ីនឹងមិនជ្រៀតជ្រែកឡើយ។ ម៉ាឡេស៉ី គឺជាប្រទេសពាណិជ្ជកម្មសេរី ដែលផ្តល់កន្លែងសម្រាប់ឧស្សាហកម្មទូទាំងពិភពលោក ដើរតួនាទីតំណាងឱ្យទីផ្សារនៃផលិតផលរបស់ពួកគេ និងបម្រើសេវាកកម្មក្នុងប្រទេសម៉ាឡេស៉ី។ នេះជាការឆ្លើយតបរបស់ លោក Khaled ទៅនឹងការអំពាវនាវឱ្យដកក្រុមហ៊ុនអាវុធអាមេរិក Lockheed Martin និងក្រុមហ៊ុនអាវុធ BAE Systems របស់អង់គ្លេស ចេញពីពិព័រណ៍វិស័យការពារជាតិ និងសន្តិសុខជាតិតំបន់អាស៉ី ២០២៤ (the Defence Services Asia and National Security Asia 2024 exhibitions) ដែលធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា សង្រ្គាមក្នុងតំបន់ហ្កាហ្សា ដែលផ្តើមចេញពីការសងសឹក ទៅនឹងវាយឆ្មក់របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០នាក់ស្លាប់។ កន្លងមក លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី ធ្លាប់បានរិះគន់សកម្មភាពរបស់អ៉ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីន នៅលើឆាកអន្តរជាតិ។ ក្រៅពីនេះ ប្រជាជនម៉ាឡេស៉ី ក៏បានធ្វើពហិការផងដែរចំពោះក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានគេយល់ថា បានគាំទ្រសង្គ្រាមរបស់អ៉ីស្រាអែល៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...