អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើការពង្រឹងធនធានមនុស្ស

Posted By: RoogRog Robot | 07-May-2024 16:34:28

2024-05-07 03:29pm

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះផ្តោតសំខាន់វិស័យធនធានមនុស្ស ដែលចំណុចអាទិភាព ដើម្បីលុបបំបាត់ភាពមិនចេះអក្សរ ក៏ដូចជាការជំរុញការវិស័យអប់រំ ទាំងភាសាខ្មែរ និងបរទេសឱ្យមានល្បឿនលឿន ក្នុងការរីកចម្រើនជាដំណាក់កាលៗ។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រ និងបណ្ណសរសើរចំនួន ៤៨៨នាក់ ដល់សិស្សានុសិស្សនៅសាលា បរទេសអន្តរជាតិទាំង៣សាខា ក្នុងខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជនកីឡាខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ មន្ត្រីអាវុធហត្ថ ស្នងការរង លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្ស សិស្ស ប្រហែល ១,០០០នាក់។

លោក យឹង យួម នាយសាលាបរទេសអន្តរជាតិ បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សានុសិស្ស ៤៨៨នាក់នេះ គឺត្រូវបែងចែកជា១៣កម្រិត ថ្ងៃនេះវាមានសារសំខាន់ណាស់ចំពោះសិស្ស ព្រោះចង់ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការងារអប់រំសាលាភាសាអន្តរជាតិ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោក យឹង យួម បានបញ្ជាក់ថា សាលាភាសារបរទេស អន្តរជាតិ គឺជាសាលាចំណេះ ទូទៅឯកជន និងបណ្តុះបណ្តាលភាសាបរទេស ក្នុងចំណោមសាលាចំណេះទូទៅឯកជនផ្សេងៗទៀតហើយសាលានេះបង្កើតឡើងនៅឆ្នាំ២០១៣ មាន៣ទីតាំងចំនួន៣ទីតាំង១ ស្នាក់ការកណ្តាលនៅខាងលិចវេទិការខេត្តបន្ទាយមានជ័យ ទីតាំងទី២៖ ខាងត្បូងផ្សារចំការ គ ហៅផ្សារថ្មី ១០០ម៉ែត្រ សាលាទី៣ នៅផ្លូវចូលផ្សារមង្គលបូរី មានសិស្សសរុប ១,៨៥៩នាក់។ សាលាភាសារបរទេសអន្តរជាតិ មានកម្មវិធីសិក្សាទទួលស្គាល់ពីក្រសួងអប់រំ និងប្រើប្រាស់តែភាសាអង់គ្លេស គ្រូមានបទពិសោធន៍ បន្ទប់ធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ ប្រកាន់ជាប់នូវវិន័យជាគោល និងមានការប្រកួតប្រជែង ដើម្បីធានាបាននូវគុណភាព។

ក្នុងនោះ លោក អ៊ុំ រាត្រី បានបន្ថែមថា អស់រយៈពេល១ឆ្នាំពេញនេះសិស្សទាំងអស់បានខិតខំរៀនសូត្រគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងទាំងអស់នេះទៅប្រឡងប្រណាំងដើម្បីយកវិញ្ញាបនបត្រ និងបណ្ណសរសើរ និងក៏ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមាននេះផងដែរ។

ក្នុងនោះដែរ លោក អ៊ុំ រាត្រី ក៏បានជូនពរសិស្សទាំង ៤៨៨នាក់ ដែលទទួលបាន វិញ្ញាបនបត្រ និងបណ្ណសរសើរ ឆ្នាំនេះសំណាងល្អគ្រប់ៗគ្នា ហើយសិស្សទាំងអស់ត្រូវទៅថ្ងៃអនាគតយកចំណេះវិទ្យាទាំងអស់នេះ ទៅបម្រើក្នុងមន្ទីរក្រសួងផ្សេងៗ ដើម្បីកសាងជាតិមាតុភូមិឱ្យបានរុងរឿងទៅអនាគតផងដែរ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...