លោកបណ្ឌិត យង់ ពៅ៖ លោក សម រង្ស៉ី ជាអ្នកនយោបាយ «ទុច្ចរិតនឹងជាតិ ឆៅទាំងសេដ្ឋកិច្ច គ្មានចក្ខុវិស័យជាតិ»

Posted By: RoogRog Robot | 07-May-2024 11:14:35

2024-05-07 10:12am

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ បានបង្ហាញទស្សនៈរបស់លោក ពាក់ព័ន្ធនឹងសកម្មភាព លោក សម រង្ស៉ី ដែលប្រឆាំងចំពោះគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដោយលោកបានចាត់ទុកថា លោក សម រង្ស៉ី ជាអ្នកនយោបាយ <<ទុច្ចរិតនឹងជាតិ ឆៅទាំងសេដ្ឋកិច្ច គ្មានចក្ខុវិស័យជាតិ>>។ ខាងក្រោមនេះជាទស្សនៈទាំងស្រុងរបស់ លោកបណ្ឌិត យង់ ពៅ៖

<<នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៉ី បានលើកឡើងថា <<ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទេសកម្ពុជាមិនត្រូវការព្រែកជីក ដូចព្រែកជីក ហ្វ៊ូណន នេះ ទាល់តែសោះ។ កំពង់ផែព្រះសីហនុ បច្ចុប្បន្ន មាន គ្រប់គ្រាន់ហើយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប្រសិនបើបណ្ដាញផ្លូវថ្នល់ និងផ្លូវដែក ដែលមានស្រាប់ ត្រូវបានរៀបចំឲ្យបានល្អត្រឹមត្រូវ។>>

ការលើកឡើងរបស់ លោក សម រង្ស៉ី គេអាចមើលឃើញបាននូវទិដ្ឋភាពចំនួន៤គឺ៖

១- ចេតនានយោបាយទុច្ចរឹតនឹងជាតិ

ជានិច្ចកាល លោក សម រង្ស៉ី តែងតែធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍កម្ពុជានៅក្នុងរូបភាពជាច្រើន ជាបន្តបន្ទាប់រៀងមក ពោលគឺ លោក សម រង្ស៉ី ធ្លាប់រហូតដល់បានចុះកិច្ចព្រមព្រៀងជាមួយនឹង កុក ស ដែលជាមេចលនាតស៊ូវៀតណាមសេរី ដែលសន្យាកាត់ទឹកដីខ្មែរមួយប៉ែកភាគខាងកើតប្រទេសឱ្យទៅក្រុមវៀតណាមសេរី។ បន្ថែមពីនេះ លោក សម រង្ស៉ី គឺជាអ្នកនយោបាយ អាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រនិងគ្រប់មធ្យោបាយរបស់លោក សម រង្ស៉ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់ខ្វាយអំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សិតមួយនេះ។

២- ជាអ្នកសិក្សាជំនាញសេដ្ឋកិច្ច ប៉ុន្តែឆៅខាងសេដ្ឋកិច្ច ហើយបែរជាក្លាយខ្លួនជាអ្នកប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនថែមទៀតផង

មិនមែនត្រឹមតែករណីគម្រោងព្រែកជីកហ្វូណនតេជោនោះទេ នៅក្នុងជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៉ី តែងតែបានប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ នេះគឺជារឿងអភ័ព្វមួយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា ដែលមានអ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប ប៉ុន្តែមិនអាចប៉ាន់ប្រមាណបានអំពីផលប្រយោជន៍សេដ្ឋកិច្ច ដែលប្រទេសជាតិខ្លួនអាចទទួលបានពីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងនាមជាអតីតអ្នកសិក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកនយោបាយប្រឆាំងអាជីព (ប្រឆាំងអស់មួយជីវិត) ព្រមទាំងធ្លាប់ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាកម្ពុជាដែរនោះ គួរណាស់តែ លោក សម រង្ស៉ី មានលទ្ធភាពសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាងនេះ ឬយ៉ាងហោចណាស់ លោកគួរតែអាចប៉ាន់ប្រមាណអំពីទំហំខុសគ្នាដ៏ឆ្ងាយរវាងការចំណាយថវិកានិងពេលវេលានៅក្នុងការដឹកទំនិញតាមកប៉ាល់ តាមរថភ្លើង និងដឹកតាមឡានកុងតឺន័រទៅកាន់កំពង់ផែ។ ការលើកឡើងដោយមិនបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនអាចប៉ាន់ប្រមាណបានសូម្បីតែភាពខុសគ្នាដែលមហាជនទូទៅអាចយល់ដឹងបាននេះ បង្ហាញអំពីភាពទន់ខ្សោយរបស់អ្នកនយោបាយដែលមានជំនាញសេដ្ឋកិច្ច ប៉ុន្តែមិនសូវពូកែខាងប្រមាណវិធីបូកដកគុណចែកលេខ ហើយបែរទៅជាព្យាយាមបកស្រាយបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រនិងមហាជនទូទៅ ភ័ន្តច្រឡំនិងយល់ស្របទៅតាមគំនិតដែលរវើរវាយរបស់ខ្លួនទៅវិញ។

៣- គ្មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព និងនិរន្តរភាព ទាមទារឱ្យមេដឹកនាំ ឬអ្នកនយោបាយនៃប្រជាជាតិនោះ កំណត់នូវ ចក្ខុវិស័យ និងទិសដៅសម្រាប់អភិវឌ្ឍវិស័យនានាទៅតាមដំណាក់កាល និងកាលៈទេសៈដែលតម្រូវជាចាំបាច់។ ដើម្បីឈានទៅដល់ការកំណត់ចក្ខុវិស័យវែងឆ្ងាយបាន អ្នកដឹកនាំត្រូវការពង្រឹង និងកសាងវិស័យនានាជាច្រើន ដែលក្នុងនោះ ការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពរឹងមាំ គឺជាលក្ខណៈសម្បត្តិដ៏ប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូក្នុងតំបន់និងពិភពលោក។ ពាណិជ្ជកម្មធំៗនៅលើពិភពលោកអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ន ពឹងផ្អែកយ៉ាងចាំបាច់ទៅលើនាវាចរណ៍ ដែលជាច្រកដឹកជញ្ជូនដ៏សកម្មនៅលើពិភពលោក បើធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ប៉ុន្តែវាជាចម្ងល់ដ៏ធំមួយ នៅពេលដែលអ្នកនយោបាយដែលត្រូវបានគេដឹងថាធ្លាប់បានសិក្សារៀនសូត្រជំនាញសេដ្ឋកិច្ច បែរជាច្រានចោលសារៈសំខាន់នៃគម្រោងព្រែកជីកទៅកាន់សមុទ្រ ហើយផ្ដល់សារៈសំខាន់ទៅលើផ្លូវថ្នល់ និងផ្លូវដែកជំនួសទៅវិញ។ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវផលចំណេញដ៏មហាសាលជាមួយនឹងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការជួយពន្លឿនពេលវេលានិងបង្កើនបរិមាណដឹកជញ្ជូនតាមផ្លូវទឹកបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត។ លើសពីនេះ ក្រៅពីផលប្រយោជន៍ខាងដឹកជញ្ជូនដូចបានរៀបរាប់ខាងលើ ក៏នឹងផ្ដល់សារៈប្រយោជន៍ឥតគណនាចំពោះការអភិវឌ្ឍសង្គម និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវនៅអមព្រែកជី និងស្ពានឆ្លងកាត់ព្រែកជីកជាដើម។

៤- ហេតុអ្វីមិនសាងសង់កាលពី៤០ឆ្នាំជាងមុន?

ដូចដែលបានរៀបរាប់ខាងលើ ការអភិវឌ្ឍប្រទេសជាតិមួយ គឺជាដំណើរពង្រឹងវិស័យជាអាទិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ស្របតាមតម្រូវការ និងលទ្ធភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ។ គេមិនអាចអភិវឌ្ឍនៅគ្រប់វិស័យក្នុងពេលតែមួយ ឬកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់សព្វក្នុងពេលមួយប៉ព្រិចភ្នែកនោះទេ ហើយមិនមែនតែប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងតាមបែបស្បែកខ្លាក្នុងរង្វង់ជាង២០ឆ្នាំនោះទេ សូម្បីតែប្រទេសសេដ្ឋកិច្ចរីកចម្រើនលេចធ្លោមួយចំនួនក្នុងតំបន់និងពិភពលោក ក៏គ្មានលទ្ធភាពកសាងអគារខ្ពស់ និងធ្វើផ្លូវអាកាសបានផងនោះដែរក្នុងរង្វង់រយៈពេលជាង៤០ឆ្នាំមុនដូចគ្នា។

ដូច្នេះហើយ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ គេត្រូវមានចំណុចចាប់ផ្ដើមជាដំបូង ហើយអនុវត្តជាដំណាក់កាលៗ តាមភាពចាំបាច់ និងតម្រូវការអភិវឌ្ឍជាក់ស្ដែងតាមលំដាប់លំដោយនៃប្រជាជាតិនីមួយៗ ដូចសុភាសិតខ្មែរលើកឡើងថា <<លើកបោះសន្ទូចរំលងភ្នំ>> និង <<សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា>>។ ការកសាងប្រជាជាតិមួយដែលមានមូលដ្ឋានច្បាស់លាស់ និងទិសដៅជាក់លាក់ គឺជាការកសាងប្រទេសដែលប្រកបដោយនិរន្តរភាព ហើយគេត្រូវចងចាំថា ការកសាងមូលដ្ឋានអភិវឌ្ឍប្រទេសដែលរឹងមាំ និងយូរអង្វែងជាងគេ គឹត្រូវផ្ដើមចេញពីមូលធនមនុស្ស ពោលគឺធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការជាតិពិតប្រាកដ>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...