ក្រុមហ៊ុន Shell ពិភាក្សាលក់ស្ថានីយប្រេងឥន្ធនៈនៅម៉ាឡេស៊ី ឱ្យក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអ៊ូឌីត

Posted By: RoogRog Robot | 07-May-2024 08:52:55

2024-05-07 07:50am

(សិង្ហបុរី)៖ ក្រុមហ៊ុនថាមពលយក្ស Shell របស់អង់គ្លេសកំពុងពិភាក្សាជាមួយក្រុមហ៊ុន Saudi Aramco របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីលក់អាជីវកម្មស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាបណ្តាញស្ថានីយធំបំផុតទីពីរ ក្នុងប្រទេសនេះ។

ប្រភពក្នុងឧស្សាហកម្មចំនួនបួន ដែលបានដឹងពីការពិភាក្សានេះថា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងនេះអាចមានតម្លៃរហូតដល់ ១ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Shell បានបដិសេធធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សានេះ ប៉ុន្តែបាននិយាយប្រាប់រ៉យទ័រថា ម៉ាឡេស៊ីជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុន Saudi Aramco ក៏បដិសេធធ្វើអត្ថាធិប្បាយអំពីករណីនេះផងដែរ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Shell បានឱ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ មានស្ថានីយប្រេងឥន្ធនៈប្រហែល ៩៥០ទីតាំងនៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដោយមានទំហំតូចជាងតែក្រុមហ៊ុន Petronas របស់រដ្ឋម៉ាឡេស៊ីប៉ុណ្ណោះ។

ប្រភពមួយក្នុងចំណោមនោះបានឱ្យដឹងថា ការពិភាក្សានេះបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ ហើយកិច្ចព្រមព្រៀងអាចនឹងត្រូវបានបញ្ចប់ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប្រភពពីរដែលបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចមានទំហំប្រហែលពី ៤ពាន់លានទៅ ៥ពាន់លានរីងហ្គីត (៨៤៤លានដុល្លារទៅ ១,០៦ពាន់លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...