ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី

Posted By: RoogRog Robot | 06-May-2024 20:13:33

2024-05-06 07:10pm

(ភ្នំពេញ)៖ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សន្និសីទនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក DATO'S SERI ANWAR IBRAHIM នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាំម៉ាត់ អាល់ឌុលការីម អាល់អ៉ីសា អគ្គលេខាធិការសម្ព័ន្ធពិភពឥស្លាម (MWL) លោក Dato Haji Mohd Na’Im Mokhtar រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងសម្តេចព្រះសង្ឃរាជទាំងពីរគណៈនៅកម្ពុជា មេដឹកនាំឥស្លាមសាសនា ព្រះពុទ្ធសាសនា និងគ្រឹស្តសាសនា នៃមកពីបណ្តាប្រទេស៥៨ នៅតំបន់អាស៊ីផងដែរ។

សន្និសីទខាងលើ មានគោលបំណងលើកកម្ពស់ការសន្ទនាអន្តរជំនឿ ផ្លាស់ប្ដូរគំនិត ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការ ដល់មេដឹកនាំសាសនា អ្នកប្រាជ្ញ អ្នកដឹកនាំសហគមន៍ និងអ្នកនយោបាយ ឈានទៅសម្រេច បាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាសម្រាប់ពិភពលោក។

នៅក្នុងសន្និសីទអន្តរជាតិនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងឡើងថ្លែងចំណាប់អាម្មរណ៍អំពីសុខដុមនរមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ដែលបានកសាងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តការការពារ និងរក្សាដោយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រទេសជាច្រើននៅលើសាកលលោក បានកើតសរសើរពីសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។

ជាមួយគ្នាដែរ ស្របពេលកម្ពុជាជាប្រទេស ដែលមានសុខសន្តិភាព ជាពិសេសទៀតនោះ គឺមានសុខដុមរមនីយកម្ម ជាតិសាសន៍ និងសាសនា អង្គការសម្ព័ន្ធពិភពឥស្លាម ក៏គ្រោងនឹងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះផងដែរ ក្រោយលោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកសំណើស្នើសុំ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម កាលពីខែកុម្ភៈកន្លងទៅនៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្នុី និងហ៊េកហ្ស៊ីហ្គូវីណា ដើម្បីផ្សព្វផ្សាយអំពីសុខសន្តិភាព និងសុខដុមរមនីយកម្ម ដល់ប្រទេសបណ្តាប្រទេសផ្សេងៗទៀត។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការរបស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាក្កៈ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស ព្រមទាំងមានដៃគូសហការជាមួយអង្គការអន្តរជាតិធំៗជាច្រើនទៀត មានដូចជា អង្គការ UNESCO, UNICEF, OCHA, ECOSOC, WFP, UNHR, UNRWA, WHO, ICRC, និងធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB )ផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...