បទវិភាគ៖ ដំណើរទស្សនកិច្ចរបស់ លោកប្រធានរដ្ឋចិន Xi Jinping នៅអឺរ៉ុប នឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប

Posted By: RoogRog Robot | 06-May-2024 17:34:04

2024-05-06 04:26pm

(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោកSulyok ប្រធានាធិបតីហុងគ្រីនិងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបីនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងឆ្នាំនេះ ហើយក៏ជាសកម្មភាពសំខាន់មួយក្នុងការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងរវាងចិន និងអឺរ៉ុប ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះផងដែរ។

ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសបារាំងបានថ្លែងថា ស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping។ ឆ្នាំនេះស្របនឹងខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះមានសារសំខាន់ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរ វាពិតជានឹងនាំមកនូវឱកាសកាន់តែច្រើនដល់ ការអភិវឌ្ឍនៃប្រទេសទាំងពីរជាក់ជាមិនខាន។

ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យ Renmin នៃប្រទេសចិនបានរួមសហការ ធ្វើការស្ទង់ប្រជាមតិចំពោះ អ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងចំនួន ១៥១៣ នាក់ ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,២% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំមួយដែលមានកម្លាំងឥទ្ធិពលខ្លាំង អ្នកផ្តល់បទសម្ភាសន៍ចំនួន៧០,៣% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យមួយ។

ក្នុងរយៈពេល៦០ឆ្នាំបន្ទាប់ពីចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង៨០០ដង ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយប្រកបដោយ កម្រិតខ្ពស់របស់សេដ្ឋកិច្ចចិន នឹងនាំមកនូវឱកាសពាណិជ្ជកម្មថែមទៀត ដល់សហគ្រាសបារាំង ហើយទីផ្សារចិនដែលមានទ្រង់ទ្រាយធំធេង ក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដល់សហគ្រាសបារាំងផងដែរ។ ភាគីទាំងពីរចិននិងបារាំងរំពឹងទុកចាត់ទុក ដំណើរទស្សនកិច្ចលើកនេះជាឱកាស ដើម្បីពង្រឹងថែមមួយកម្រិតទៀតនូវការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិន និងបារាំងឡើងដល់កម្រិតថ្មីទៀត។

គោលដៅទីពីរនៃដំណើរទស្សនកិច្ចរបស់លោក Xi Jinping គឺប្រទេសស៊ែប៊ី ស៊ែប៊ីជាមិត្តដែកថែបរបស់ប្រទេសចិន ទំនាក់ទំនងនៃប្រទេសទាំងពីរបានឆ្លងកាត់ការពិសោធន៍ពី ស្ថានការណ៍អន្តរជាតិ ដែលប្រែប្រួលឥតឈប់ឈរ ហើយត្រូវគេហៅថាជា គំរូនៃទំនាក់ទំនងដ៏មេត្រីភាពរវាងប្រទេសចិន និងប្រទេសអឺរ៉ុប។ ដោយសារទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានជាគម្រោងធំៗមួយចំនួនលើវិស័យហេដ្ឋារចនាសម័្ពន្ធ ឧស្សាហកម្មរ៉ែនិងថាមពលជាដើម ត្រូវបានអនុវត្ត ព្រមទាំងទទួលសមិទ្ធផលនៅទូទាំងប្រទេសស៊ែប៊ី។ ក្នុងអំឡុងពេលវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិ កាលពីឆ្នាំមុន ប្រទេសទាំងពីរបានចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបតិ្តការគ្រប់ផ្នែកចំនួន១៨ច្បាប់ រីឯទំហំនៃកិច្ចព្រមព្រៀងទាំងនេះ មានចំនួនច្រើនដល់រាប់ពាន់លានប្រាក់អឺរ៉ូ។ ក្រៅពីនេះ សហគ្រាសចិនកាន់តែច្រើនឡើងៗ បានទៅបណ្តាក់ទុននៅប្រទេសស៊ែប៊ី ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសស៊ែប៊ី។

ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី ក្នុងគ្រាប្រវតិ្តសាស្ត្រដែលបន្តសមិទ្ធផលចាស់ និងត្រួសត្រាយ អនាគតថ្មីនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅហុងគ្រី ពិតជានឹងក្លាយជាដំណើរទស្សនកិច្ច ដែលមានសារសំខាន់ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងចិននិងហុងគ្រីជាក់ជាមិនខាន។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ហុងគ្រីបានកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមគោលដៅវិនិយោគ នៅតំបន់ភាគកណ្តាល និងខាងកើតនៃអឺរ៉ុបរបស់ប្រទេសចិន ។ ហុងគ្រីជាប្រទេសអឺរ៉ុបមុនគេបង្អស់ ដែលបានចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ជាមួយចិន លោក Orbánនាយករដ្ឋមន្រ្តីហុងគ្រី ធ្លាប់ចូលរួមវេទិកាកំពូលស្តីពី “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិបីលើកជាប់ៗគ្នា ។ ប្រទេសទាំងពីរចិននិងហុងគ្រីសុទ្ធតែគាំទ្រយ៉ាងមុតមាំ ដល់ការបង្កើនការតភ្ជាប់គ្នា ផ្តួចផ្តើមឱ្យបង្កើតពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលប្រកបដោយសមភាពនិងរបៀបរៀបរយ ក៏ដូចជាសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយបរិយាប័ន្ន និងអាចផ្តល់ផលប្រយោជន៍ ជាទូទៅ ហើយប្រកាន់ជំហរច្បាស់លាស់ក្នុងការប្រឆាំង “ការផ្តាច់ទំនាក់ទំនង”និងធ្វើបដិបក្ខគ្នាជាក្រុម។

បច្ចុប្បន្ននេះ ស្ថានភាពពិភពលោកមានបម្រែបម្រួលនិងភាពរង្គោះរង្គើយ៉ាងខ្លាំង ដូច្នេះ ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការរវាងចិន និងអឺរ៉ុបកាន់តែមានសារសំខាន់ថែមទៀត។ ពិភពលោកត្រូវការចិននិងអឺរ៉ុបចាប់ដៃគ្នា រួមគ្នាគាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាទប់ទល់នឹងកាប្រឈមជាលក្ខណៈសកល ក្នុងន័យបំពេញបន្ថែមភាពប្រាកដប្រជា ដល់ពិភពលោកអស្ថិរភាព។ ដំណើរទស្សនកិច្ច របស់លោក Xi Jinping លើកនេះនឹងជំរុញឱ្យចិននិងអឺរ៉ុប ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ ពង្រឹងការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីដល់ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ប្រកបដោយភាពល្អបរិសុទ្ធនិងសិ្ថរភាព ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...