អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ និងបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើហិង្សាលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ នៅក្រុងប៉ោយប៉ែត

Posted By: RoogRog Robot | 06-May-2024 17:34:04

2024-05-06 04:30pm

(បន្ទាយមានជ័យ​)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ នឹម កុយ (ហៅម៉ាប់)​ អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧៖២០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លឹបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ សេង វាសនា មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា​ តាមការរៀបរាប់របស់ដេីមបណ្តឹង កាលពីថ្ងៃកេីតហេតុ​ ពួកគេមានគ្នាចំនួន៥នាក់ រួមជាមួយនិងឈ្មោះ​ សាក់ (ជនរងគ្រោះដែលស្លាប់)​ បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ​ ទូច បន្ទាប់មកទៀតបាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទល់មុខក្លឹបកម្សាន្តស្តាស៊ីធី ដែលជាកន្លែងដែលពួកខ្លួនរើសអេតចាយ។

ពេលនោះជនដៃដល់ឈ្មោះ​ ម៉ាប់ (នឹម កុយ) បានជិះកង់មកដល់កន្លែងជនរងគ្រោះអង្គុយ​ និងបានសុំផឹកជាមួយគ្នា​ លុះក្រោយមកជនរងគ្រោះឈ្មោះ​ សាក់ (ស្លាប់) និងជនដៃដល់បានទាស់ពាក្យសំដីគ្នា ជនសង្ស័យបានដើរទៅយកញញួរពីក្នុងការ៉ុងរើសអេតចាយ វាយទៅលេីជនរងគ្រោះឈ្មោះ​ សាក​ ពីខាងក្រោយ ត្រូវចំក្បាលជាច្រេីនញញួរ បណ្តាលឲ្យបែកឈាមស្លាប់​ភ្លាមៗ។ ចំណែកដេីមបណ្តឹង ​(ឈ្មោះ​ សេង វាសនា)​ ក៏ត្រូវជនដៃដល់វាយចំនួន០២ញញួរដែរ ត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

ក្រោយពីទទួលបានព័ត៌មានភ្លាម​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លួន ព្រមទាំងវត្ថុតាងញញូរដែកថ្នាំងអំពៅកែច្នៃ ប្រវែង៣៩សង់ទីម៉ែត្រ ចំនួន០១ដើម​ នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។

ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួន​ពិតជាបានយកញញួរវាយទៅលើជនរងគ្រោះពិតប្រាកមែន។​ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានបញ្ជាក់ថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ​ ដេីម្បីចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...