អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យ៤នាក់ ក្នុងករណីគ្រឿងញៀនប្រមាណ១៨៨គីឡូក្រាម និងសម្អាតប្រាក់, ២នាក់ឲ្យមានសេរីភាពវិញ

Posted By: RoogRog Robot | 06-May-2024 17:22:32

2024-05-06 04:19pm

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយចោទប្រកាន់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ប្រមាណ១៨៨គីឡូក្រាម និងសម្អាតប្រាក់ ដែលបង្ក្រាបបានកាលពីថ្ងៃតី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១៖ តាមបណ្ដោយផ្លូវទន្លេមេគង្គ ទល់មុខស្ថានីយទឹកស្អាត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ចំណុចទីតាំងទី២៖ បន្ទប់លេខ១១១៨ ជាន់ទី១១ ខុនដូមេគង្គវិយូ៦ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ចំណុចទីតាំងទី៣៖ ខុនដូហាយលែន បន្ទប់លេខ១១១០ ជាន់ទី១១ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងចំណុចទីតាំងទី៤៖ ផ្ទះលេខ៦១ ផ្លូវលេខV-03 បុរី ឌឹផ្លរ៉ ផ្លូវជាតិលេខ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងចំណុចទីតាំងទី ៥ ផ្ទះលេខ ៣២អឹ (១៦E) ផ្លូវជាតិលេខ១អា ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់១៥៨,២៤គីឡូក្រាម ប្រភេទកេតាមីន(Ketamine) មានទម្ងន់២២,៦៨៤គីឡូក្រាម និងប្រភេទហេរ៉ូអ៊ុន (Heroin) មានទម្ងន់៧,៤៣៤គីឡូក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជន សង្ស័យចំនួន៤នាក់ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ និងសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ចំណែក២នាក់ទៀត មិនជាប់ពាក់ព័ន្ធត្រូវបានដោះលែងវិញ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...