សពរបស់លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានដង្ហែទៅបញ្ចុះ នៅភូមិកំណើតរបស់លោក ក្នុងស្រុកពារាំង ខេត្តព្រៃវែង

Posted By: RoogRog Robot | 06-May-2024 16:36:24

2024-05-06 03:32pm

(ភ្នំពេញ)៖ សាកសព របស់លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អតីតអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត ត្រូវបានដង្ហែទៅបញ្ចុះ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅភូមិកំណើតរបស់លោក ស្ថិតក្នុងភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ អស់រយៈពេល ៤ថ្ងៃកន្លងមក។

ពិធីដង្ហែ និងបញ្ចុះសពលោក ជាវ តាយ មានការរួមពីលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ សាច់ញាតិបងប្អូន កូនចៅនៃសព ព្រមទាំងថ្នាក់ដឹកនាំ តាមបណ្តាក្រសួង ស្ថាប័នមួយចំនួនទៀត។

គួរជម្រាបជូនថា លោក ជាវ តាយ បានទទួលមរណភាព នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៧ឆ្នាំ វេលាម៉ោង ០១ និង០០នាទីរសៀល នៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ដោយរោគាពាធ។

សពរបស់លោក ជាវ តាយ ត្រូវបានដឹកជញ្ជូន តាមជើងហោះហើរផ្ទាល់ ឆ្ពោះមកព្រលានយន្តហោះភ្នំពេញ ព្រមទាំងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅភូមិចាស់របស់លោក ស្ថិតក្នុងភូមិព្រែកថ្មី ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ការបាត់បង់រូបលោក ជាវ តាយ គឺជាការបាត់បង់នូវជីតា ស្វាមី ឪពុក ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក ក៏ដូចជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម ដែលបានលះបង់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក្នុងបុព្វហេតុដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីទទួលខុសត្រូវ។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕





































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...