ប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១២ នៅស្រុកជីក្រែង ខេត្តសៀមរាប

Posted By: RoogRog Robot | 06-May-2024 16:31:09

2024-05-06 03:30pm

(សៀមរាប)៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជីក្រែង បាន​រៀបចំពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១២ ក្រោមវត្តមានរបស់លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក និងឃុំទាំង១២ ជាង២០០នាក់ចូលរួមផង​ដែរ។

លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ស្រុកជីក្រែង បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រទាំងបច្ចេកទេស និងធនធានដល់គណបក្សឃុំ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ព្រមទាំងលើកឡើងពីការងារកសាងកម្លាំងស្នូលនៃគណបក្ស ស្រុក ឃុំ និងតាមបណ្តាសាខាភូមិ ស្ថាប័ន ក្នុងការរក្សាចាស់ បង្កើនថ្មី។

បន្ទាប់ពីបានអានសេចក្តីប្រកាសកែសម្រួលសមាសភាព និងសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកជីក្រែង និងឃុំទាំង១២ ដែលចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាបរួចមក។

លោក សឿន រឿត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់កណ្តាលទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាស្រុកជីក្រែង និងគណបក្សឃុំទាំង១២ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ស្រុក និងឃុំ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងស្រុកជីក្រែង ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

លោក សឿន រឿត បានបន្តថា ដើម្បីបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ ត្រូវដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្ត គឺ ត្រូវបន្តការងារចុះមូលដ្ឋានតាមឃុំភូមិក្រោយពីការរៀបចំកែសម្រួល សមាភាព ក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញតាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងត្រូវអនុវត្តបណ្តាការងារសំខាន់ៗលើ (យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតសំខាន់លើអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល) ក្នុងការជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងបន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យកចិត្តទុកដាក់ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឲ្យមានប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើមការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខនេះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឲ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឲ្យបានគ្រប់ៗគ្នាផង​ដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...