មន្ដ្រីយោធាដែលបាញ់បោះសេរី នៅខណ្ឌ៧មករា ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

Posted By: RoogRog Robot | 06-May-2024 15:51:18

2024-05-06 02:48pm

(ភ្នំពេញ)៖ វរសេនីយ៍ត្រី ផាត ផានណូ ដែលជាមន្ដ្រីយោធា បាញ់បោះសេរីចំនួន៥គ្រាប់ នៅវេលាទាបភ្លឺឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានចៅក្រមស៉ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ នេះបើតាមលោក អ៊ី រិន អ្នកនាំពាំក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

លោក អ៊ី រិន បានថ្លែងយ៉ាងដូច្នេះថា <<ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមន្ត្រីយោធាឈ្មោះ ផាត ផាន់ណូ ភេទប្រុស អាយុ៣៦ឆ្នាំ បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងមានអាស័យដ្ឋាន ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដាក់ពន្ធនាគារព្រៃស (ម១) ដើម្បីរងចាំការទទួលជំនុំជម្រះទោសនៅពេលក្រោយ។ ពីបទ <<កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ និងប្រើប្រាស់គ្រឿងញៀន>>។

សូមរំលឹកថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពដែលបែកធ្លាយបានបង្ហាញនៅថ្ងៃកើតហេតុឱ្យដឹងថា លោកវរសេនីយ៍ត្រី ផាត ផានណូ ដែលត្រូវបណ្តេញចេញពីក្របខណ្ឌ ពុំបានបាញ់ការពារខ្លួននោះទេ ប៉ុន្តែជាការធ្វើសកម្មភាពបាញ់បោះសេរី។ ជាមួយគ្នានេះលោកក៏ត្រូវបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន និងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

លោកវរសេនីយ៍ត្រី ផាត ផានណូ ត្រូវបាន លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយលោកមានតួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។

ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធាស័ក្តិ៤រូបនេះ បានបាញ់ចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ និងរកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់ថែមទៀត។

បន្ទាប់ពីលុបឈ្មោះចេញពីក្របខណ្ឌ នៅរសៀលថ្ងៃទី៤ ខែឧសភានេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនវរសេនីយ៍ត្រី ផាត ផានណូ ទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...