(សៅប៉ូឡូ)៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ នៅរដ្ឋឯភាគខាងត្បូងនៃប្រទេសប្រេស៉ីល បានកើនឡើងដល់ចំនួន ៧៨នាក់ហើយ ខណៈដែលមនុស្សជាង ១១៥,០០០នាក់ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ ២០២៤។
លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៉ីល ចុះទៅដល់រដ្ឋ Rio Grande do Sul ជាមួយនិងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ដើម្បីរកមធ្យោបាយសង្រ្គោះ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាមួយអាជ្ញាធរក្នុងតំបន់។ ក្នុងសន្និសីទសារព័ត៌មាន លោក Lula បានថ្លែងថា <<រដ្ឋនឹងមិនរារាំងអាជ្ញាធរពីការស្ដារឡើងវិញ នៅក្នុងរដ្ឋនោះទេ>>។ ចំណែក អភិបាលរដ្ឋ លោក Eduardo Leite និយាយថា <<វាប្រៀបបីដូចជាសេណារីយ៉ូសង្គ្រាមដែរ ហើយត្រូវការវិធានការក្រោយសង្គ្រាម>>។ បើតាម លោក Fabiano Saldanha អភិបាលក្រុង Porto Alegre ដែលជារដ្ឋធានីរបស់រដ្ឋ Rio Grande do Sul ក្រុមអ្នកស្ម័គ្រចិត្ត ដោយប្រើទូក ម៉ូតូទឹក និងហែលទឹកផងនោះ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលកំពុងបន្ត។
គួរបញ្ជាក់ថា ទឹកជំនន់ពីព្យុះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានប៉ះពាល់ដល់ជាង ២ភាគ ៣នៃទីក្រុងប្រហែល ៥០០នៅក្នុងរដ្ឋ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន ដោយបានធ្វើឱ្យមនុស្សជាង ១១៥,០០០នាក់ត្រូវភៀសខ្លួន។ ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងទៀត ខណៈមនុស្ស ១០៥នាក់បន្តបាត់ខ្លួននៅឡើយ៕