តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN បដិសេធការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យ UN ទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់ លើលោកស្រី ឈឹម ស៉ីថរ

Posted By: RoogRog Robot | 06-May-2024 15:10:24

2024-05-06 02:05pm

(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា (UN) ប្រចាំនៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការតម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៉ីថរ របស់តុលាការកម្ពុជា។

បើសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា មានភាពចាំបាច់ផ្តល់ការបំភ្លឺដូចខាងក្រោម៖

* ១៖ ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ <<ជាបន្ទាន់>> ឬ <<អាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់>> គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាច នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោសនោះទេ។ ការសម្រេចបែបណានោះគឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រី ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀតបន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញតិ្ត មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

* ២៖ ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ សមាជិកសហជីពត្រូវបានផ្តន្ទាទោសពីបទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន <<ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម>> នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែរ។

* ៣៖ នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីពនោះទេ។ បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើ បុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នកដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាំងអនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ឬស្តង់ដារអន្តរជាតិស្តីពីការងារផ្សេងទៀត ក៏ពុំមានផ្តល់សិទ្ធិដល់មេដឹកនាំសហជីព ឬសមាជិកសហជីពឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដោយនិទណ្ឌភាពនោះទេ ។

* ៤៖ កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្តក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជាជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិនិងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ស្នើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគោរពឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេច A/RES/48/141 ដែលបានកំណត់អណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋសមាជិក។

សូមជម្រាបថា នៅថ្ងៃទី០៣ ខែឧសភា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញមកទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព នៅក្រុមហ៊ុនណាហ្គាវើលដ៍ លោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទាមទារសារជាថ្មីនេះ ធ្វើឡើងក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ទុកជាបានការ និងតម្រូវឱ្យកញ្ញា ឈឹម ស៊ីថរ បន្តជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមបទចោទ <<ញុះញង់>>៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...