រដ្ឋមន្រ្តីសុខាភិបាល ផ្ដល់អនុសាសន៍ ៦ចំណុច ក្នុងឱកាសពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់

Posted By: RoogRog Robot | 02-May-2024 17:57:08

2024-05-02 04:52pm

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ <<ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ>> នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍ចំនួន ៦ចំណុច ដល់មន្ដ្រីសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការផ្ដល់សេវាជូនប្រជាជនកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ចំនួន ៦ចំណុចរួមមាន៖

* គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដែលកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាល សូមធ្វើការធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្របតាមនិយាមស្តង់ដា និងបញ្ចូលនូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបករណ៍សម្ភារសិក្សាទាន់សម័យ

* គ្រឹះស្ថានសិក្សាត្រូវស្វែងរក កៀរគរធនធានក្នុងការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបានខ្ពស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ

* មូលដ្ឋានសុខាភិបាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកជំនាញ ការអនុវត្តផ្ទាល់របស់និស្សិត

* ការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអនុវត្តការងារមានសារៈសំខាន់ណាស់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ

* ឆ្មបទាំងអស់ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានអជ្ញាបណ្ណ ក៏ដូចជាបន្តសុពលភាពអាជ្ញាបណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោរពឱ្យបាននូវក្រមសីលធ៌មវិជ្ជាជីវៈ

* ក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង សូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសូមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារ មនុស្សចាស់ ដូចបានជូនតាម <<សេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ>> កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។

ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤នេះ ក៏មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋផងដែរ។

ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ រដ្ឋលេខាធិការ ប្រធានមន្ទីរសុខាភិបាល ព្រមទាំងលោក លោកស្រីតំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ មន្រ្តីរាជការ និងសមាជិកនៃគណៈឆ្មប។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យកាលម៉ែត និងប្រធានមណ្ឌលសុខភាពនៃខេត្តពោធិ៍សាត់ ដែលទទួលបានជោគជ័យជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល សរុបចំនួន ១០២រូប ក្នុងនោះមេដាយប្រាក់ការងារ ចំនួន ១១គ្រឿង និងមេដាយសំរិទ្ធការងារ ចំនួន ៩១គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត ទទួលបន្ទុកផ្នែកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត សូមពិនិត្យលទ្ធភាពក្នុងការស្នើសុំ គ្រឿងឥស្សរិយយសមេដាយ ជូនដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរសុខាភិបាល ដោយត្រូវឈរលើគោលការណ៍ស្នើសុំឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីដែលបានកំណត់។

គួររំលេចផងដែរថា ការបំពាក់គ្រឿងឥស្សរិយយសមេដាយ នឹងរៀបចំជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលមានស្នាដៃក្នុងការបំពេញការងារ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...