មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ៖ ធនធានមនុស្សដែលមានសមត្ថភាព ជាកម្លាំងចលករយ៉ាងសំខាន់ និងចាំបាច់បំផុត សម្រាប់រួមចំណែកជំរុញឱ្យប្រព័ន្ធធនាគារ បន្តអភិវឌ្ឍន៍ និងរឹងមាំ

Posted By: RoogRog Robot | 02-May-2024 16:41:37

2024-05-02 03:34pm

(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សដែលមានសមត្ថភាព គឺជាកម្លាំងចលករដែលមានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់រួមចំណែក ដល់ការជំរុញឱ្យប្រព័ន្ធធនាគារបន្តអភិវឌ្ឍ និងរក្សាបាននូវភាពរឹងមាំស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញប្រគល់វិញ្ញាបនបត្ររបស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

លោក គិត សុវណ្ណារិទ្ធ បានថ្លែងឲ្យដឹងថា <<ធនធានមនុស្សដែលមានសមត្ថភាព គឺជាកម្លាំងចលករដែលមានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់រួមចំណែកដល់ការជំរុញឱ្យប្រព័ន្ធធនាគារបន្តនូវការអភិវឌ្ឍ និងរក្សាបាននូវភាពរឹងមាំ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ក៏ដូចជាចរន្តនៃការអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងសកលភាវូបនីយកម្ម ព្រមទាំងរួមចំណែក ដល់ការលើកកម្ពស់និន្នាការសំខាន់ៗរបស់វិស័យរួមមាន ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រឹងកិច្ចការពារអតិថិជន និងការដោះស្រាយបណ្ដឹងរបស់អតិថិជនជាដើម>>។

លោកបានបន្ដថា ការបង្កើនសមត្ថភាពនៃធនធានមនុស្ស ក្នុងប្រព័ន្ធធនាគារ អាចធ្វើឡើងក្នុងគ្រប់ទម្រង់រូបភាពមិនថា ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ ឬ វិញ្ញាបនបត្រសិក្សាជាតិនិងអន្តរជាតិ ដែលរៀបចំដោយ ធនាគារជាតិនៃកម្ពុជា សមាគម វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ឬ វគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់គ្រឹះស្ថាន ទាំងរយៈពេលខ្លី និងវែង ទាំងក្នុង និងក្រៅស្រុក។

លោក គិត សុវណ្ណារិទ្ធ បានថ្លែងបន្ដថា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រូតពិនិត្យ បានបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការតាមដាន និងត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយបានដាក់ចេញ និងធ្វើបច្ចុប្បន្នកម្មបទប្បញ្ញត្តិប្រុងប្រយ័ត្ន និងក្របខ័ណ្ឌត្រួតពិនិត្យឱ្យស្របតាមការវិវដ្ត និងបរិបទជាក់ស្តែងនៃប្រព័ន្ធធនាគារ។

បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់ជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំឱ្យមាននូវបរិយាកាសអំណោយផល សម្រាប់ជំរុញដល់ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការគាំទ្រដល់នវានុវត្តន៍ក្នុងប្រព័ន្ធធនាគារ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល (ជាក់ស្ដែង ដូចជា KHQR Code ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆ្លងធនាគារ និងឆ្លងប្រទេសបានជាដើម។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សនៃប្រព័ន្ធធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា តែងតែជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់អាទិភាព ចំពោះការបន្តអភិវឌ្ឍធនធានមនុស្ស ដែលជាមូលធនស្នូលដ៏សំខាន់ សម្រាប់ឆ្លើយតបចំពោះពិពិធកម្មនិងនវានុវត្តន៍ នៃសេវាហិរញ្ញវត្ថុ ការកើនឡើងនៃតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងសក្តានុពលទីផ្សារធនាគារ ព្រមទាំងធានាដល់ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។

លោក រ័ត្ន សោភ័ណ តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បន្តរក្សាបាននូវភាពធន់ រឹងមាំ និងជំនឿទុកចិត្តពីសាធារណជន និងវិនិយោគិន និងធានាវឌ្ឍនភាពនៃប្រព័ន្ធទាំងមូល ដូច្នេះការកសាងសមត្ថភាព និងធនធានមនុស្សមានសារៈសំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែក ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ការអភិវឌ្ឍធនធានមនុស្សនេះ ក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ ដែលផ្តោតលើអាទិ-ភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកបានបន្ដថា ការពង្រឹងការកសាងសមត្ថភាពមន្រ្តីបុគ្គលិក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជារបៀបវារៈដ៏ចម្បងមួយរបស់សមាគម ក្នុងនោះសមាគមបានផ្តួចផ្តើមបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពដល់បុគ្គលិក ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា វិសាលភាពវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងពង្រីកឲ្យកាន់តែធំជាងមុន និងមានលទ្ធភាពបន្ថែមទៀត ក្នុងការដាក់ចេញនូវកម្មវិធីសិក្សាថ្មីៗ ដើម្បីបំពេញតម្រូវការរបស់វិស័យ ហើយសមាគមក៏បានបង្កើតគណៈកម្មាធិការអប់រំ ក្រុមការងារផ្នែកធនធានមនុស្ស និងក្លិបផ្នែកធនធានមនុស្ស ដើម្បីផ្តល់ជាយោបល់ តាមដានការ អនុវត្តកម្មវិធីអប់រំ និងដាក់ចេញនូវកម្មវិធីកសាងសមត្ថភាពជាដើម៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...