សម្តេចតេជោ ហ៊ុន សែន ប្រើយុទ្ធសាស្ត្រអ្វីខ្លះលើសមរភូមិវាលស្មៅ?

Posted By: RoogRog Robot | 02-May-2024 15:07:00

2024-05-02 02:56pm

(ភ្នំពេញ)៖ បន្ទាប់ពីប្រើជីវិតជាអ្នកដឹកនាំនាវាកម្ពុជាជិត៤០ឆ្នាំ ជាមួយជោគជ័យដ៏​ធំធេង​ប្តូរ​ផ្លាស់ប្រទេសពីគំនរផេះនៃភ្លើងសង្គ្រាម មកជាប្រទេសដ៏ផូរផង់ក្រោមកិច្ចអភិវឌ្ឍន៍ដ៏រីក​ចម្រើននោះ នៅ​ល្ងាច​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានភ្លក់​រស​​​ជាតិ​​ជាអ្នកដឹកនាំ​ក្រុមកីឡាករប្រយុទ្ធលើសមរភូមិវាលស្មៅ ដើម្បីបុព្វហេតុមនុស្ស​ធម៌។

ជាមួយភារកិច្ចដឹកនាំកូនក្រុមប្រយុទ្ធលើសមរភូមិវាលស្មៅនេះ សម្តេចតេជោ ហ៊ុន សែន ទទួលតួនាទីជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars)។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន បានផ្តល់យុទ្ធ​សាស្ត្រមួយចំនួនទៅកាន់គ្រូបង្គោល ដែលជាអតីត​កីឡាករ​ជម្រើស​ជាតិរបស់កម្ពុជា គឺ​លោក ឈិន ឈឿន។ ក្រោមការដឹកនាំដោយផ្ទាល់ពីគ្រូបង្វឹកកិត្តិយស បានធ្វើឱ្យក្រុម​បាល់​​ទាត់តារា​កម្ពុជា យកឈ្នះក្រុមបាល់ទាត់ Kun Khmer All Stars ដោយលទ្ធ​ផល ២ ទល់ ០។

ក្នុងពេលប្រកួតនោះ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន តែងបាន​ពិ​ភា​ក្សាជារឿយៗជាមួយលោក ឈិន ឈឿន ដែលជាគ្រូបង្គោល។ អ្នកស្នេហាវិស័យកីឡា​បាល់​ទាត់មួយចំនួនចង់ដឹងណាស់ថា តើសម្តេចតេជោ បានប្រើយុទ្ធសាស្ត្របែបណាខ្លះ​ក្នុងការ​ដណ្តើម​ជោគជ័យពីការប្រកួតនាថ្ងៃម្សិលមិញនេះ?

ក្រៅពីចូលចិត្តការវាយកូនគោល សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្ត​កីឡា​​បាល់​ទាត់ និងបាល់ទះផងដែរ។ សម្តេចតេជោ ធ្លាប់លេងទាំងបាល់ទាត់ និងបាល់​ទះ ហើយក៏តែងតែតាមដានរាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្រិតពិភពលោកដូចជា WORLD CUP និង EURO CUP ជាដើម។ តាមរយៈការចូលចិត្តវិស័យកីឡានេះ ធ្វើ​ឱ្យ​សម្តេចតេជោ បានឈ្វេងយល់បានច្រើនពីការប្រកួតបាល់ទាត់។

ការដឹកនាំប្រកួតបាល់ទាត់ជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានជ្រើស​យក​ទម្រង់​នៃការប្រកួតជូនកូនក្រុមរបស់សម្តេច គឺទម្រង់ ៣-៤-៣។ ទម្រង់នេះ មានន័យថា ការពារ៣ បម្រើ៤ (ស្លាបទាំងសងខាងក៏អាចចុះមកការពារបានដែរ) និងប្រយុទ្ធ៣។

គុណ​សម្បតិ្តរបស់ទម្រង់លេង ៣-៤-៣ គឺផ្តោតលើការបម្រើ និងប្រយុទ្ធជាសំខាន់។ ខ្សែ​ការពារស្លាប​ទាំង២ មានតួនាទីសំខាន់ទាំង ក្នុងតំបន់ការពារ និងតំបន់បម្រើថែម​ទៀត​ផង។

ទម្រង់នេះ គ្រូដឹកនាំបាល់ទាត់ល្បីកម្រិងពិភពលោក ដូចជាលោក Antonio Conte កាលអំឡុងដឹកនាំ Chelsea និង Roberto Martinez ដឹកនាំក្រុមជម្រើស​ជាតិ​ប៊ែល​ហ្សិក បានប្រើទម្រង់នេះយ៉ាងមានប្រសិទ្ធភាពបំផុតនៅលើទីលាន ដោយការបញ្ជូន​បាល់​​មានចម្ងាយឆ្ងាយទៅតំបន់ទូលាយ។

បើតាមលោក ឈិន ឈឿន បានប្រាប់ Fresh News ឱ្យដឹងថា ក្នុងពេលប្រកួតនោះ សម្តេចតេជោ ហ៊ុន សែន បានប្រើយុទ្ធសាស្ត្របត់បែនជានិច្ចទៅលើស្ថានភាពប្រយុទ្ធលើ​ទីលានដោយផ្អែកលើការលេងរបស់កូនក្រុម និងភាគីម្ខាងទៀត។

លោក ឈិន ឈឿន បានឱ្យដឹងថា យុទ្ធសាស្ត្រដែលសម្តេចបានប្រើលើទម្រង់ខាង​លើនេះ មានប្រមាណជាង ៣ ទៅ៤យុទ្ធសាស្ត្រ។ ដំបូងឡើយសម្តេចតេជោ ប្រើយុទ្ធ​សាស្ត្រ​៥នាទី ទៅ៧នាទីដំបូង ពេលកីឡាករពេញកម្លាំង ហើយដៃគូប្រកួតមិនទាន់​ដឹង​យុទ្ធសាស្ត្រ គឺត្រូវឆក់បាល់ឱ្យលឿន ដើម្បីទាត់បញ្ចូលទី។ តែយុទ្ធសាស្ត្រនេះ មិនទទួល​បានជោគជ័យទេ ដោយសារល្បឿនដៃគូប្រកួតមានល្បឿនលឿន ដូច្នេះយុទ្ធសាស្ត្រត្រូវ​បានផ្អាក។

បន្ទាប់មកសម្តេចតេជោ បានផ្តល់យុទ្ធសាស្ត្រទី២ ពាក់ព័ន្ធនឹងការប្រយុទ្ធ។ ដោយមើល​ឃើញ​ថា ស្លាបស្តាំរបស់គូប្រកួតមានភាពរឹងមាំ ដូច្នេះកីឡាករខេម មិនអាចមានលទ្ធ​ភាព​​រកគ្រាប់បាល់នោះទេ។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យបើកការប្រយុទ្ធ​ពីស្លាប​ខាង​ឆ្វេងរបស់គូប្រកួតវិញ។ ទីបំផុតការសម្រុកពីស្លាបខាងឆ្វេងក៏រកបានគ្រាប់បាល់មួយ​គ្រាប់។

សម្តេចតេជោ ក៏បានផ្តល់យុទ្ធសាស្ត្រឱ្យខ្សែប្រយុទ្ធខាងលើ គឺកីឡាករ ខេម និងសេង មង្គល ត្រូវសហការគ្នាក្នុងការប្រយុទ្ធ តែបាល់ត្រូវបោះឱ្យបានច្រើនទៅកីឡាករ សេង មង្គល បើកការទាត់ទៅកាន់ទី ដោយសារកីឡាករខេមធ្លាក់ជើង។ ដើម្បីគាំទ្រដល់ចលនា​ប្រយុទ្ធនេះ សម្តេចតេជោ ក៏បានណែនាំឱ្យរុញអ្នកមានល្បឿនលឿនមួយរូប ទៅជួយ​ខេម ក្នុងការទទួលបាល់រុញទៅកីឡាករ សេង មង្គល។ ទីបំផុតយុទ្ធសាស្ត្រនេះ ក៏ជួយ​ឱ្យ សេង មង្គល រកបានគ្រាប់បាល់ទី២។

ពេលការប្រកួតសល់២០នាទីចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យកីឡា​ករទម្លាក់ការប្រយុទ្ធ ដោយចុះមកការពារឱ្យបានច្រើន។ យុទ្ធសាស្ត្រនេះ សម្តេចតេជោ បានមើលឃើញថា ២០នាទីនេះ គូប្រកួតមិនអាចរកគ្រាប់បាល់រហូតដល់ទៅ២គ្រាប់​នោះទេ បើអាច គឺរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដូច្នេះក្រុមមិនចាញ់នោះទេ។ ទោះបីឈ្នះ​ត្រឹម​មួយគ្រាប់ក៏ល្អដែរ ព្រោះជាការប្រកួតមិត្តភាព។

លោក ឈិន ឈឿន បានឱ្យដឹងដែរថា សម្រាប់ទម្រង់លេងសម្តេចតេជោ ឱ្យរក្សាទម្រង់ ៣-៤-៣ រហូតដល់ចប់។ តែខ្សែបម្រើស្លាបរកអ្នកមានល្បឿនលឿន ដើម្បីចុះជួយ​ការ​ពារ និងឡើងប្រយុទ្ធបាន។

ក្នុងនាមជាអតីតកីឡាករជម្រើសជាតិមួយរូប លោក ឈិន ឈឿន បានបង្ហាញការកោត​ស​រសើរចំពោះសម្តេចតេជោ ដែលមានការយល់ដឹងច្រើនលើការប្រកួតបាល់ទាត់ ទោះបី​សម្តេចមិនធ្លាប់ជាកីឡាករអាជីព។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) និង ក្រុមបាល់ទាត់ Kun Khmer All Stars ក្រោមប្រធានបទ <<រួមគ្នា​ដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន>> និងដើម្បីប្រមូលថវិកាជួយមន្ទីរ​ពេទ្យគន្ធបុប្ផា មានអ្នកចូលរួមទស្សនារហូតដល់ទៅប្រមាណ ៣ម៉ឺននាក់។ ការអញ្ជើញ​ដឹក​នាំក្រុមដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើទីលានបានធ្វើឱ្យព្រឹត្តិការណ៍​ប្រកួត​​បាល់ទាត់ក្នុងបុព្វហេតុមនុស្សធម៌ ទទួលបានការទាក់ទាញកាន់តែខ្លាំង និងមាន​បរិយា​កាសកាន់តែសប្បាយរីករាយ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏​បាន​ក្លាយទៅជាព្រឹត្តិការណ៍បំបែកកំណត់ត្រា នៃព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នៅ​កម្ពុជា ដែលរៃអង្គាសថវិកាបានច្រើនបំផុត​មិនធ្លាប់មាននោះឡើយ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នេះ រៃអង្គាសថវិកាបានសរុបជាង ៥លាន​ដុល្លារអាមេរិក។ ថវិកានេះ សម្តេចតេជោ បានជូនទៅមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារ​​យុទ្ធ​ជនពលីជីវិតក្នុង​ហេតុ​ការណ៍ផ្ទុះគ្រាប់នៅកំពង់ស្ពឺ ​២០គ្រួសារចំនួន២០ម៉ឺនដុល្លារ និងជាង ៤លាន​ដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតនេះបង្ហាញនូវសមិទ្ធផល​សន្តិ​ភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសបង្ហាញស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមបាល់ទាត់ទាំង៤ក្រុម​ដែលចូលរួមប្រកួត។ សម្តេចតេជោ ក៏បានអរគុណសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបម្រើការងារ​ទាំង​អស់ ជាពិសេសសាលារាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។

សម្តេចតេជោ ក៏បានអរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំង​​មើលការផ្សាយផ្ទាល់។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា។​

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា លទ្ធផលចុងក្រោយនៃការប្រកួតនេះ គឺជីវិតសុខភាព និងស្នាមញញឹមរបស់កុមារ៕



























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...