អគ្គសម្ព័ន្ធសហភាពសហជីបកម្ពុជា អបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៨

Posted By: RoogRog Robot | 02-May-2024 11:43:42

2024-05-02 10:33am

(ភ្នំពេញ)៖ អគ្គសម្ព័ន្ធសហភាពសហជីបកម្ពុជា បានធ្វើពិធីអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣៨ ក្រោមប្រធានបទ <<សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ>> ដើម្បីរំឭកនិងឧទ្ទិសដឹងគុណដល់វីរភាពដ៏អង់អាចក្លាហាននៃអតីតកម្មករ-កម្មការនីដែលបានប្រឹងប្រែងតស៊ូពុះពារនិងប្ដូរជីវិត ដើម្បីការងារនិងសិទ្ធិសេរីភាពកម្មកររហូតមកដល់បច្ចុប្បន្ន។

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងអគ្គសម្ព័ន្ធសហភាពសហជីបកម្ពុជា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពលោក សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមដោយថ្នាក់ដឹកនាំ សមាជិក-សមាជិកាអគ្គសម្ព័ន្ធសហភាពសហជីបកម្ពុជា ព្រមទាំងកម្មករនិយោជិត និយោជកជាង៥០០នាក់ផងដែរ។

សូមបញ្ជាក់ថា ទិវាពលកម្មអន្ដរជាតិគឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលក្រៅពីរំឭកនិងឧទ្ទិសដឹងគុណដល់វីរភាពដ៏អង់អាចក្លាហាននៃអតីតកម្មករ-កម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារនិងប្ដូរជីវិត ដើម្បីការងារនិងសិទ្ធិសេរីភាពកម្មកររហូតមកដល់បច្ចុប្បន្ន។ ក៏មានគោលបំណងឱ្យតម្លៃទៅលើពលកម្មរបស់មនុស្ស រួមចំណែកដល់ការអភិវឌ្ឍបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ និងសង្គមជាតិ។ កំណត់ស្ដង់ដារប្រាក់ឈ្នួលឱ្យត្រឹមត្រូវ និងការផ្ដល់ប្រាក់ឈ្នួលដោយមិនមានការរើសអើង។ កែលម្អលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការឱ្យបានសមរម្យនិងស្អាតបាត ដើម្បីបង្ការនិងដោះស្រាយជាតិពុល និងគ្រោះថ្នាក់ការងារឱ្យបានល្អ។

លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីបកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤នេះ គឺជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេសកម្មករនិយោជិត និងនិយោជកចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស។

លោកបានថ្លែងបន្តទៀតថា ប្រធានបទនេះ គឺជាអនុសាសន៍ដែលបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតកន្លងទៅ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។

លោកស្រី ទេព គឹមវណ្ណារី អនុប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានថ្លែងថា ទិវាពលកម្មអន្តរជាតិ១ឧសភា ជាទិវាប្រវត្តិសាស្ត្រនៅលើសកលលោក ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែកប្រទេសកម្ពុជាងបានប្រារព្ធធ្វើចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាក្នុងអាណត្តិទី៧។

លោកស្រី ទេព គឹមវណ្ណារី បានថ្លែងបន្តទៀតថា នៅក្នុងនោះដែរក៏បានលើកកម្ពស់លក្ខខណ្ឌការងារ សុខភាព សុវត្ថិភាពការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារឱ្យកាន់តែល្អប្រសើរឡើង ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។ ក្នុងនាមលោកស្រីតំណាងឱ្យអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា លោកស្រីក៏សូមគោរពអរគុណជាអនេកប្បការចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចេញនូវសារលិខិត និងសារាចរណែនាំ ធ្វើឱ្យអង្គការវិជ្ជាជីវៈយើងខ្ញុំ ព្រមទាំងនិយោជក បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤នេះ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...