ក្រសួងការពារជាតិ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ

Posted By: RoogRog Robot | 02-May-2024 11:25:52

2024-05-02 10:21am

(ភ្នំពេញ)៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនោះ គឺជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយ ដូចបានបំផ្លើសឡើយរបស់ក្រុមប្រឆាំងជ្រុលនិយមឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០២ ខែឧសភានេះ។

ក្រសួងបានបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាមបណ្តាញសង្គមនានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។

សេចក្តីប្រកាសបានបញ្ជាក់ដូច្នេះថា៖ <<តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ក្រសួងការពារជាតិសូមបញ្ជាក់ជូនថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ>>។

ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសច្រានចោលទាំងស្រុងចំពោះការប្រឌិត និងបំភ្លៃរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣ផងដែរ។ លោកបានចាត់ទុកថា ការបំភ្លៃរបស់ លោក សម រង្ស៉ី មានចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ខណៈដែលទណ្ឌិតរូបនេះតែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិកន្លងមក៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...